ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង ៤ និង ២០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ មានករណីបុរសម្នាក់វាយឪពុកបង្កើតបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ជនសង្ស័យឈ្មោះ សៀក រ៉ាន់ ភេទប្រុស អាយុ ៣០ ឆ្នាំ ។ ចំណែកឯជនរងគ្រោះឈ្មោះ ណុប សៀក អាយុ ៦៨ ឆ្នាំ។ អ្នកទាំង២នាក់ត្រូវជាឪពុកនិងកូន មានទីលំនៅក្នុង ភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ដំណើររឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះបានស្តីបន្ទោសឲ្យជនសង្ស័យ ហើយក៏មានការឈ្លោះប្រកែកគ្នា ដោយជនសង្ស័យចោទមកលើជនរងគ្រោះថា ស្រឡាញ់កូនមិនស្មើគ្នា ភ្លាមៗនោះជនសង្ស័យក៏ស្ទុះទៅយកដំបងឫស្សីឈើច្រត ទៅវាយចំក្បាលឪពុក បណ្តាលឲ្យរងរបួសធ្ងន់ (ដេរ២០ថ្នេរ)។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់