ព័ត៌មានជាតិ

រថយន្តកំពុងបើក ស្រាប់តែដាច់កង់ក្រោយ.. បោលបុកនឹងម៉ូតូ១គ្រឿង របួស២នាក់

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តប៉ះគ្នាជាមួយនិងម៉ូតូ ដោយបើកបរក្នុងទិសដៅបញ្ច្រាសគ្នា
នៅវេលាម៉ោង៤ ល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧១-៧២ ស្ថិតក្នុងភូមិអង្គគគី ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

រថយន្តមួយគ្រឿងម៉ាកគៀ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-3504 (អ្នកបើកបរគេចខ្លួនបាត់) បើកបរមកពីទិសខាងជើង លុះមកដល់ចំណុចកើតហេតុ បានដាច់កង់ក្រោយខាងឆ្វេង ធ្វើឲ្យកង់ដែលដាច់នោះរត់ទៅមុខបុកនឹងម៉ូតូមួយគ្រឿង ម៉ាកហុងដា C50 ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1G-3730 បើកបរដោយឈ្មោះ ចិន សុផាត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ នៅភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសស្រាល) មានឌុបប្រពន្ធពីក្រោយម្នាក់ឈ្មោះ តង់ យ៉ាន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងត្បូង។

ជនរងគ្រោះទាំងពីរនាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ក្រុងដូនកែវ ហើយក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់ ក៏ធ្វើការទៅតាមនីតិវិធីច្បាប់។ រីឯរថយន្ត និងម៉ូតូទាំងទាំងសងខាង ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់