ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនក្រុមចោរប្លន់៥នាក់ ទៅតុលាការ

ភ្នំពេញៈ ជនសង្ស័យចំនួន៥នាក់ ដែលជាក្រុមសកម្មដើរអុកឡុក បង្កអសន្តិសុខក្នុងមូលដ្ឋាន ក្នុងសង្គម ដើរលេងយប់ ផឹកស៊ីចូលក្លឹបល្បែង ឈានដល់ហ៊ានធ្វើសកម្មភាព វាយប្លន់យកម៉ូតូ តាមផ្លូវ ក្រោយពីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បង្ក្រាបចាប់ខ្លួនបានកន្លងមកដោយវាយប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេច នៅផ្លូវវេងស្រេង សង្កាត់ចោមចៅ១ រហូតមកដល់ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះជនសង្ស័យ៥នាក់ខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ។

ជនសង្ស័យទាំង៥នាក់ខាងលើ ទី១ ឈ្មោះ នុត សិត ហៅអាវែង ភេទប្រុស ជាបងធំ ប្រចាំក្រុម អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ ពេលថ្ងៃ ពេលយប់ដើរប្លន់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានភូមិកំណើតភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពងរោទ៍ ខេត្តស្វាយរៀង ។ ទី២ ឈ្មោះ សៀម វណ្ណរី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិគៀនតាសៀវ ឃុំស្វាយយ៉ា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ទី៣ ឈ្មោះ សៀម វណ្ណរ៉ា ហៅឆាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ធ្វើចោរ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតគៀនតាសៀវ ឃុំស្វាយយ៉ា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ទី៤ ឈ្មោះ ម៉ៅ ថែល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ទើបចូលរួមជាសមាជិកក្រុមខាងលើ មានស្រុកកំណើត ភូមិ ចំការគួយ ឃុំដំរីពួន ស្រុកស្វាយអន្ទរខេត្តព្រៃវែង ។ ទី៥ ឈ្មោះ លៀប អ៊ីសា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ សមាជិកក្រុមប្លន់ ស្នាក់នៅផ្ទះឡ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រៃលាន ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យមួយក្រុមនេះ កន្លងមកតែងដើរធ្វើសកម្មភាព បង្កអសន្តិសុខក្នុងសង្គមពេលរាត្រី បើមានឱកាសលហអសម្រាប់ពួកគេ ឈានដល់វាយប្លន់យកម៉ូតូ ទ្រព្យសម្បត្តិ ពីអ្នកដំណើរទៀតផង ។ ក្រុមជនសង្ស័យខាងលើ បន្ទាប់ពីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបង្ក្រាបចាប់ខ្លួនបានបន្តបន្ទាប់ សរុបចំនួន៥នាក់រួចមក កសាងសំណុំរឿងនៅផ្នែកជំនាញ រហូតមកដល់ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះ ត្រូវបាននគរបាលនាំខ្លួនទៅតុលាកា ដើម្បីឲ្យព្រះរាជអាជ្ញាសម្រេចលើជោគវាសនារបស់ពួកគេ ៕

មតិយោបល់