ភ្នំពេញៈ បុរសម្នាក់ ខណៈដែលស្រវឹងស្រាខឹងប្រពន្ធមិនមកហូបបាយជាមួយ ទៅចាំវាយដល់មុខហាងធ្វើការមិនបានក៏ជិះម៉ូតូទៅដល់បន្ទប់ជួលយកមួកការពារសុវត្ថិភាពវាយទៅលើប្រពន្ធ បណ្តាលឲ្យរងរបួសយ៉ាងដំណំ។
ហេតុការខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ទីតាំងនៅ មុខបន្ទប់ជួល ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នារីរងគ្រោះជាប្រពន្ធមានឈ្មោះ ឆ.ស.ម អាយុ២៧ឆ្នាំ ស្នាក់នៅខណ្ឌពោធិ៍សែនជ័យ មានភូមិកំណើតនៅខេត្តពោធិ៍សាត់។ បុរសជាប្តីឈ្មោះ ឡេង ចាន់ថន អាយុ៣១ឆ្នាំ មុខរបរបើករថយន្ត រស់នៅជាមួយគ្នា មានស្រុកកំណើតភូមិងិល ឃុំតាងិល ខេត្តកំពង់ឆ្នាំង។
តាមប្រភពព័ត៌មានពីស្រី្តដែលជាជនរងគ្រោះបាននិយាយថា គាត់ និងប្ដីទើបរៀបការមានជាង៣ខែកន្លងមក ប្ដីរបស់គាត់តែងតែប្រើអំពើហិង្សាជាច្រើនដងមកហើយ ដោយមានលិខិត និងពាក្យបណ្ដឹងនៅឯស្រុកកំណើត។ នៅមុនពេលកើតហេតុ រូបនាងបានមកធ្វើការនៅហាងមួយកន្លែង ចំណែកប្ដីរបស់នាងបានទៅផឹកស៊ីនៅផ្ទះបងប្អូននៅម្ដុំជម្ពូវ័ន ហើយនៅពេលថ្ងៃប្ដីរបស់នាងបានទូរស័ព្ទមកនាង ហើយនាងក៏ប្រាប់ថា មិនបានទៅហូបបាយជាមួយគាត់ទេ បែជាប្តីដែលជាជនបង្កបានជេរប្រទេចនាងតាមទូរស័ព្ទ បណ្ដាលឲ្យនាងភិតភ័យយ៉ាងខ្លាំង លុះមកដល់វេលាម៉ោង៦ល្ងាចថ្ងៃដដែល នាងមិនទាន់បានចេញពីធ្វើការផង ស្រាប់តែប្ដីរបស់នាងបានរករឿងនាងដល់កន្លែងធ្វើការធ្វើឲ្យនាងខ្មាស់បុគ្គលិកដទៃទៀតដែលជាអ្នករួមការងារជាមួយយ៉ាងខ្លាំង។
រហូតមកដល់វេលាម៉ោង៨ល្ងាចគាត់ចេញពីធ្វើការ មានលេខទូរស័ព្ទម្ដាយក្មេកគាត់ទូរស័ព្ទមក ប្រាប់ឲ្យប្រយ័ត្ន ព្រោះប្ដីកូន រករឿងកូន នឹងចាំសម្លាប់កូន ពេលនោះនាងកាន់តែភិតភ័យរឹតតែខ្លាំង នាងក៏បានចេញពីកន្លែងធ្វើការតាមទ្វារក្រោយ ហើយជិះម៉ូតូឌុប រត់ទៅប្ដឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ បន្ទាប់មកសមត្ថកិច្ចបានឲ្យលេខទូរស័ព្ទ ដើម្បីទំនាក់ទំនង ព្រោះមិនទាន់កើតហេតុនៅឡើយ ។ រហូតដល់ម៉ោងកើតហេតុនាងបានជិះម៉ូតូឌុបទៅផ្ទះជួលនាង ពេលនោះប្ដីក៏មកដល់ភ្លាមៗផងដែរ ពេលនោះនាងកំពុងយកលុយឲ្យថ្លៃម៉ូតូឌុប ស្រាប់តែប្តីរបស់នាងបានយកមួកសុវត្ថិភាពនៅលើម៉ូតូមកវាយទៅលើនាងជាច្រើនមួក បណ្ដាលឱ្យបែកមួកមួយ ហើយក៏យកមួកមួយទៀតមកវាយទៅលើនាងទាល់តែបែកមួកទាំងពីរតែម្តង ។
ភ្លាមៗនោះនារីរងគ្រោះបានទូរស័ព្ទទៅសមត្ថកិច្ច ហើយប្ដីរបស់នាងបានយកទូរស័ព្ទពីនាងនិយាយជាមួយសមត្ថកិច្ច យ៉ាងគំរោះគំរើយផងដែរ ។
ប្រភពព័ត៌ដដែលបានបន្តទៀតថា ខណៈពេលប្រើអំពើហិង្សាភ្លាមៗ ប្ដី និងប្រពន្ធពីរនាក់ខាងលើបានឌុបគ្នាទៅប៉ុស្តិ៍នគរបាល រដ្ឋបាលចោមចៅ៣ ដោយបុរសជាប្តីបានឲ្យប្រពន្ធឌុប ហើយប្តីអង្គុយពីខាងក្រោយ បានបោចសក់នាងពីក្រោយបណ្ដើរ ជេរនាងបណ្ដើរ លុះមកដល់ប៉ុស្តិ៍នគរបាល នារីរងគ្រោះខាងលើបាននិយាយរ៉ាយរ៉ាប់ប្រាប់សមត្ថកិច្ចថា លែងរស់នៅជាមួយគ្នាកើតហើយ ដែលប្ដីរបស់គាត់ធ្វើបាបគាត់ ទាំងផ្លូវកាយ និងផ្លូវចិត្ត គាត់សម្រេចចិត្តថា លែងលះគ្នាហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅ៣ បានណែនាំបុរសជាប្ដី និងប្រពន្ធពីរនាក់ខាងលើ ថា សមត្ថកិច្ចមិនមានសិទ្ធិឲ្យប្ដីប្រពន្ធទាំងពីរនាក់លែងលះគ្នាបានឡើយ បើក្នុងករណីប្រើអំពើហិង្សាគាត់នឹងទទួលពាក្យបណ្ដឹង ជនរងគ្រោះប្តឹងទៅជនបង្ក តែបើជនរងគ្រោះមិនមានការប្ដឹងផ្ដល់ទេ សមត្ថកិច្ចអាចធ្វើជាកិច្ចសន្យា ហើយចាំស្អែកមកសាលាសង្កាត់ ដើម្បីលែងលះគ្នាទៅ៕
មតិយោបល់