ព័ត៌មានជាតិ

យ៉ាម៉ាហា ប៉ះគ្នាជាមួយតូយូតា របួសធ្ងន់ស្រាល ២ នាក់

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ ប៉ះគ្នាជាមួយនិងរថយន្ត បណ្ដាលឲ្យរបួសធ្ងន់ស្រាល ២នាក់ ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧ និង ៥០នាទីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ ២ ចន្លោះគីទ្បូម៉ែត្រ ៧៦ និ៧៧ ស្ថិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

ម៉ូតូម៉ាក យ៉ាម៉ាហា អ៊ិចស៊ីទឺរ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ប៉ោ ធារ៉ា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិធ្នង់រលើង ឃុំលាចបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (ម៉ូតូគ្មានកញ្ចក់មើលក្រោយ អ្នកបើកបរមិនពាក់មួកសុវត្ថិភាព ) បណ្ដាលឲ្យរងរបួសធ្ងន់បាក់ភ្លៅខាងស្ដាំ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងអ្នករួមដំណើរ ឈ្មោះ មុំ សៅណាង ភេទស្រី អាយុ ១៩ ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្លា ឃុំលាចបូរ ស្រុកត្រាំកក់ ខេត្តតាកែវ របួសស្រាល។

ចំណែករថយន្តវិញ ម៉ាក តូយូតា កូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខតាកែវ 2B-2112 ខណ:តាកុងរថយន្ត មិនស្គាល់អត្តសញ្ញាណនោះទេ ដោយក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនាំឲ្យមានគ្រោះថ្នាក់នេះ គឺដោយបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នទាំងសងខាង។

បច្ចុប្បន្នវត្ថុតាងម៉ូតូ និងរថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់