ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាជោកជាំ បាន បើកម៉ូតូយ៉ាងលឿន ក៏ជ្រុលទៅបុកឃឿនស្ពានអាកាសស្ទឹងមានជ័យក្រោមដី បណ្ដាលបោកក្បាលស្លប់ស្ដូកស្ដឹង។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AC-8728 បើកបរពីលិចទៅកើត បានធ្វើដំណើរនៅផ្លូវក្រោមដី ខណៈមកដល់ចំនុចកើតហេតុ ដោយផ្លូវកោងផងនោះ ក៏បានជ្រុលទៅបុកឃឿនស្ពាន បណ្ដាលដួលបោកក្បាលសន្លប់បាត់បង់ស្មារតី ត្រូវបានរថយន្តមន្ទីរពេទ្យឯកជនហុងហាក់ ដឹកយកទៅសង្គ្រោះ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកកន្លែង និងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យ១ ដើម្បីរងចាំសាច់ញាតិយកឯកសារមកបញ្ជាក់ រួចសមត្ថកិច្ចនឹងប្រគល់ឲ្យវិញ៕
មតិយោបល់