ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខឃាតកដែលសម្លាប់នារីម្នាក់យកទ្រព្យសម្បត្តិនៅក្នុងផ្ទះសំណាក់ អូយេស កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ។
លោកវរៈសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលដំណឹងថា មានករណីឃាតកម្មនេះរួចមក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុតលើករណីនេះ ហើយនិងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទួលគោក ខណ្ឌដូនពេញ នាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យដែលជាឃាតក នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោក អេង សោភា បានបន្តថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ចាន់ សុភ័ក្ត្រ ហៅពៅ អាយុ៣៨ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ។ ចំណែកឯជនរងគ្រោះឈ្មោះ អាង វណ្ណា ហៅលីលី ភេទស្រី អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ យីហោ ហេងហេង នៅម្តុំដេអិន ។ សម្ភារៈ ដែលត្រូវជនសង្ស័យយកទៅរួមមាន ទូរស័ព្ទដៃ មួយគ្រឿង ម៉ាក IPhone 6 Plus ពណ៌មាស ខ្សែក ១ខ្សែ និងកងដៃចំនួន ៣កង។
លោកបានបន្តទៀតថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៤និង៤៥នាទីល្ងាច មានជនសង្ស័យម្នាក់អាយុប្រហែល ៣២ឆ្នាំ បានជិះម៉ូតូឌុបមកជួលផ្ទះសំណាក់ យីហោ អូយេស ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៧ ផ្លូវលេខ១៣២ ក្រុម២០ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ មកជួលដេកមួយយប់ ក្នុងតម្លៃ៨ដុល្លារ ថែមទាំងបានបង់ប្រាក់មុនទៀត ក្រោយមកជនសង្ស័យបានយកសោទ្វារបន្ទប់លេខ ២០សេ ជាន់ទី៣ រួចក៏បានដើរឡើងទៅលើបាត់។ លុះមកដល់វេលាម៉ោងប្រហែល ៥និង០៥នាទីល្ងាច ស្រាប់តែមាននារីម្នាក់ អាយុប្រហែល ២២ឆ្នាំ បានជិះម៉ូតូឌុបមកឈប់មុខផ្ទះសំណាក់ «អូយេស» រួចបានដើរចូលមកក្នុង និងបានសួរអ្នកទទួលភ្ញៀវរកបន្ទប់លេខ ២០សេ នៅពេលសួររួច នារីរងគ្រោះបានដើរឡើងទៅលើបាត់។
លុះដល់ថ្ងៃទី២៥ ខែឆ្នាំដដែល វេលាម៉ោង ១១ព្រឹក អ្នករៀបចំបន្ទប់បានដើរទៅគោះទ្វារបន្ទប់ ដើម្បីរៀបចំសំអាតបន្ទប់ តែមិនមានអ្នកណាឆ្លើយតប ពេលនោះ អ្នករៀបចំបន្ទប់ក៏បានដើរចុះទៅក្រោម ដើម្បីយកកូនសោរបន្ទប់មួយទៀតយកទៅចាក់បើកទ្វារបន្ទប់ ស្រាប់តែពេលបើកទ្វារបន្ទប់មកក៏ឃើញនារីរងគ្រោះដេកស្លាប់លើគ្រែបាត់ទៅហើយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យមើលនៅកន្លែងកើតហេតុ។
តាមការឆ្លើយសារភាពរបស់ជនសង្ស័យខាងលើ បាននិយាយប្រាប់ថា រូបគេពិតជាបានសម្លាប់នារីរងគ្រោះពិតប្រាកដមែន ដោយសារតែនារីរងគ្រោះមានសង្សារច្រើន។ ក្រោយពីធ្វើសកម្មភាពសម្លាប់នារីរងគ្រោះរួចមក ជនសង្ស័យ៏បានដោះយកខ្សែកប្លាកទីន ១ខ្សែ កងដៃប្លាកទីនចំនួន ៣កង និងទូរស័ព្ទដៃ មួយគ្រឿង ម៉ាក IPhone 6 Pul ពណ៌មាស ហើយបានរត់គេចខ្លួននៅខេត្តព្រះសីហុន។លុះមកដល់ថ្ងៃទី២៩ ខែឆ្នាំដដែល ជនសង្ស័យក៏បានត្រឡប់មកពីខេត្តព្រះសីហុនវិញ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាត់តែម្តង។
ក្រោយពីធ្វើការបង្ហាញមុខជនសង្ស័យខាងលើរួចមក សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯសម្ភារៈដែលសមត្ថកិច្ចដកហូតបាននោះ បានប្រគល់ជូនទៅក្រុមគ្រួសារនារីរងគ្រោះវិញ៕
https://youtu.be/CofIrpt3p_E
មតិយោបល់