ភ្នំពេញៈ បុរសជាកម្មកររោងចក្រម្នាក់ បន្ទាប់ពីលួចទាក់ទងស្រីថ្មីបាន៥ខែបែកធ្លាយដល់ប្រពន្ធដកទូរសព្ទនិងម៉ូតូមិនឲ្យជិះ ផ្ទុះហិង្សាទាញដំបងឈើជ្រុងវាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះ ត្រូវប្រពន្ធប្តឹងសមត្ថកិច្ចហៅទៅអប់រំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បុរសជាប្តីបង្កហិង្សាវាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះនោះមានឈ្មោះ ចន ស៊ីវន្ធី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ។ ស្ត្រីជាប្រពន្ធមានឈ្មោះ ឆ. ច.ណ.រ អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ អ្នកទាំង២ស្នាក់នៅកន្លែងកើតហេតុខាងលើ។
ចំណែកស្រីស្នេហ៍ថ្មីនោះត្រូវបានស្ត្រីជាប្រពន្ធអះអាងថាឈ្មោះ លីន អាយុ១៨ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ដៃយ៉ាំង។
របស់ដែលរងការខូចខាតនោះមានទូកញ្ចក់ចំនួន២និងសម្ភារៈមួយចំនួនទៀត។
ប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធបានអះអាងឲ្យដឹងថា ប្តីរបស់គាត់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនារីខាងលើក្បត់ចិត្តគាត់ចំនួន៥ខែមកហើយ ហើយនៅមុនពេលកើតហេតុគឺកាលពីសប្តាហ៍មុនប្តីរបស់គាត់បានបាត់មួយយប់ដោយគាត់មានការសង្ស័យថាប្តីរបស់គាត់ទៅដេកជាមួយស្រីស្នេហ៍ខាងលើ។
ស្ត្រីជាប្រពន្ធបន្តថាក្រោយពីទៅដេកបាត់មួយយប់មកស្រីស្នេហ៍វ័យក្មេងរបស់ប្តីគាត់តែងតែតេតាមឆាតជាញឹកញាប់ថែមទាំងថើបគ្នាតាមកញ្ចក់ទូរសព្ទដែលតេឆាតរកគ្នាទៅវិញទៅមក ពេលរូបគាត់ឃើញប្តីនិងស្រីស្នេហ៍វ័យក្មេងទាក់ទងគ្នាផ្អែមល្ហែមបែបនេះ រូបគាត់មានចិត្តខឹងសម្បាយ៉ាងខ្លាំង។ ក្រោយមករូបគាត់បានដកទូរសព្ទនិងម៉ូតូឈប់ឲ្យប្រើប្រាស់រយៈពេល៤ថ្ងៃដល់ថ្ងៃកើតហេតុប្តីរបស់គាត់តាមអង្វរសុំទូរសព្ទពីគាត់ដើម្បីយកទៅទាក់ទងជាមួយស្រីស្នេហ៍វ័យក្មេងនោះ តែរូបគាត់មិនព្រមឲ្យ ធ្វើឲ្យបុរសជាប្តីខឹងផ្ទុះហិង្សាទាញយកឈើជ្រុងប្រវែងជាងមួយម៉ែត្រវាយកម្ទេចទូកញ្ចក់ដាក់អីវ៉ាន់ចំនួន២និងរបស់របរនៅក្នុងផ្ទះមួយចំនួនទៀត។
ភ្លាមៗនោះដោយសាររូបគាត់ឃាត់មិនស្តាប់ក៏បានតេទូរសព្ទទៅសមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍ បន្ទាប់ពីសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ បុរសជាប្តីបានប្រាប់ប្រពន្ធថា រូបគេឈប់យកគាត់ធ្វើជាប្តីប្រពន្ធតទៅទៀតហើយ។ តែរូបគាត់ជាប្រពន្ធបានឆ្លើយតបប្តីវិញថាគាត់មិនព្រមលែងលះគ្នាទេ សមត្ថកិច្ចលឺពួកគាត់និយាយបែបនេះក៏នាំប្តីប្រពន្ធទាំង២នាក់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ ដើម្បីអប់រំនិងធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់