ព័ត៌មានជាតិ

សម្តេចតេជោ៖ សូមធ្វើជាមន្ត្រីជើង២ កុំធ្វើមន្ត្រីជើង១០ និងមន្ត្រីគ្រាប់ល្ពៅ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០មិថុនានេះ ខ្ញុំព្រះករុណាខ្ញុំបានចូលរួមបិទវគ្គប្រគល់សញ្ញាបត្រដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ឧត្តមគតិជាតិ សិស្សមន្ត្រីក្រមការជំនាន់សាមគ្គីជាតិ និងវិញ្ញាបនបត្រកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យមឆ្នាំ២០១៥ សិក្ខាកាមមន្ត្រីក្រសួងបរិស្ថាន សិក្ខាកាមថ្នាក់ដឹកនាំជាស្រ្តី ព្រមទាំងបើកវគ្គបណ្ដុះបណ្តាលឆ្នាំ ២០១៦ របស់សាលាភូមិន្ទរដ្ឋបាលចំនួន៩១៥។

ខ្ញុំសូមអបអរសាទរ និងកោតសរសើរដល់ជ័យលាភីទាំងអស់ និងសូមកោតសរសើរដល់សាលាភូមិន្ទរដ្ឋបាលដែលបានប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសមន្រ្តីរបស់រាជរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែមានសមត្ថភាពពេញលេញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សូមធ្វើមន្រ្តីជើងពីរ កុំធ្វើមន្រ្តីជើង១០ ហើយក៏មិនត្រូវធ្វើជាមន្រ្តីគ្រាប់ល្ពៅដែរ។ មន្រ្តីជើងពីរមានការទទួលខុសត្រូវ និងចេះចុះជួយដោះស្រាយប្រជាពលរដ្ឋប្រកបដោយការទទួលខុសនិងត្រូវ និងចេះធ្វើការរួមគ្នាជាក្រុម។ កុំប៉ែងជើងគ្នា និងកុំក្តិចត្រួយ បើមានមន្រ្តីណាមានសមត្ថភាពពិតប្រាកដ គឺយើងរុញឡើង។ ហើយចំពោះមន្រ្តីដែលបានធ្វើធំហើយ ក៏មិនត្រូវភ្លេចមន្រ្តីតូចតាចដែរ។
ឆ្លៀតពេនេះ ខ្ញុំសូមអភ័យទោសជាសាធារណៈផងដែរ ដែលកាលពីពេលថ្មីៗនេះ ខ្ញុំបានជិះម៉ូតូនៅខេត្តកោះកុងមិនបានពាក់មួកសុវត្ថិភាព។

សូមបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ហើយត្រូវតែពាក់មួកការពារសុវត្ថិភាពគ្រប់ពេល ទោះបីជិះម៉ូតូជិត ឬ ឆ្ងាយក៏ដោយ។
កាលពីជាង៣០ឆ្នាំមុន ថ្ងៃទី២០មិថុនានេះ គឺជាពេលគ្រោះថ្នាក់ខ្លាំងណាស់ និងជាថ្ងៃឈឺចាប់បំផុត ហើយក៏ជាថ្ងៃដែលខ្ញុំងើបតស៊ូវាយប៉ុលពតរំដោះប្រទេសជាតិ និងមានវត្តមានជាមួយប្រជាពលរដ្ឋមកទល់ថ្ងៃនេះ។ នៅថ្ងៃនេះខ្ញុំសម្រេចចិត្តបង្កើនអាហារូបករណ៍ជួយដល់និស្សិតថ្នាក់ឯកទេស នៃសាកលវិទ្យាល័យវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន៤០នាក់ ដែលជាប់ចំណាត់ថ្នាក់លេខ១ ដែលត្រូវរៀនឆ្នាំ២០១៥ ដល់២០១៨ និងឆ្នាំ២០១៦ដល់ឆ្នាំ២០១៩៕

មតិយោបល់