ព័ត៌មានជាតិ

Update៖ សាហាវណាស់! រថយន្តកុងតឺន័រដឹកដែក បុកម៉ូតូសង់ក្រឡាប់ធ្លាក់ប្រឡាយស្លាប់២នាក់

ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី ចំនួន២នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ដែលបង្កឡើងដោយ សារតែរថយន្តដឹកដែកធន់ធំមួយគ្រឿងបើកបោះពួយក្នុងល្បឿនយ៉ាងលឿនទៅបុកនឹងម៉ូតូម៉ាកសេ១២៥ មួយគ្រឿងអូសជាច្រើនម៉ែត្រ ក្រឡាប់សង្កត់ទាំងម៉ូតូ និងបុរសម្នាក់ទៅក្នុងទឹកបាត់ថែមទៀតនោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់នេះ ដែរបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ភូមិរបោះអង្កាញ់ ផ្លូវជាតិលេខ២ (ផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ) ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តដឹកដែកធន់ធំមួយគ្រឿងដែលមានដឹកដែកយ៉ាងច្រើនផងដែរនោះ បានបើកបរបោះពួយក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងសំដៅ ចូលមកកាន់ក្រុងតាខ្មៅតាមស្ពានព្រែកសំរោង។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានទៅបុកនឹងម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CB-5769 មួយគ្រឿងដែលជិះគ្នា ២នាក់(ប្រុសម្នាក់ និង ស្រីម្នាក់) ក្នុងទិសដៅ បញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅលើចិញ្ចើមផ្លូវ ទើបក្រឡាប់ចូលទៅក្នុងងស្រះទឹកមួយ ដែលនៅក្បែរផ្លូវ ដោយអូសទាំងម៉ូតូ និង សពបុរសម្នាក់ទៅជាមួយផងដែរ។

ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះដែរ កម្លាំងមានសមត្ថកិច្ចមិនទាន់ដឹងថា ជារថយន្តប្រភេទអ្វី ហើយក៏ជារបស់ក្រុមហ៊ុនមួយណាដែរ ដោយសារតែរថយន្តបានក្រឡាប់ចូលទៅក្នុងទឹក និងរងការខូចខាតខ្ទេចស្ទើរតែទាំងស្រុងទៅហើយដែរ។ ចំណែកឯម៉ូតូឃើញ តែបំណែក និងកម្ទេចកម្ទីធ្លាក់រាយប៉ាយពេញដីតែប៉ុណ្ណោះ។ ដោយភ្លាមនេះ គេបានឃើញមានតែសាកសពរបស់ស្រ្តីម្នាក់ដែលស្លាប់នៅ លើចិញ្ចើមផ្លូវម្នាក់ដោយមិនមានអ្នកណាម្នាក់មើលស្គាល់ពីភិនភាគឡើយ ដោយសារតែសពត្រូវ បានរថយន្តបុកខ្ទេច ផ្នែកខាងលើមើលមុខមិនស្គាល់ឡើង រួមទាំងកន្ទុយម៉ូតូ និង ស្បែកជើងចំនួន ២គូនៅខាងលើផងដែរ។

ចំណែកឯម៉ូតូ និង បុរសជនរងគ្រោះម្នាក់ទៀត ត្រូវបានរថយន្តអូសទៅជាមួយធ្លាក់ចូលទៅក្នុងទឹកលិចបាត់ ដោយមានដែលជាច្រើនធ្លាក់ សង្កត់ពីលើ។ ចំណែកឯអ្នកបើកបររថយន្តដឹកដែកបង្ករត់គេចខ្លួនបាត់ពីកន្លែងកើតហេតុដោយមិនមានអ្នកណាម្នាក់ដឹងថា ពួកគេបានរងរបួសដែរឬយ៉ាងណាឡើយ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន និង ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ដើម្បីហៅរថយន្តមកស្ទូចយករថយន្តខាងលើ និង រកកម្មករមកលើកដែកចេញ ដើម្បីរកមើលសាកសព របស់បុរសម្នាក់ទៀតដែលកប់នៅខាងក្រោម និងដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិឲ្យមក ទទួលសាកសពជនរងគ្រោះទាំង ២នាក់យកទៅធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ព្រោះនៅពេលនេះគេមិនទាន់ស្គាល់អត្តសញ្ញាណពួកគាត់ឡើយ៕

មតិយោបល់