ព័ត៌មានជាតិ

តុលាការកាត់ទោស មន្ត្រីអង្គរក្សម្នាក់ និងមន្ត្រីឃុំម្នាក់ រឿងឆបោក និងក្លែងឯកសារព្រឹកស្អែក ខណៈមេធាវីកំពុងជាប់បណ្តឹងនៅ ACU រឿងរត់ការដោះលែង

​ភ្នំពេញៈ ក្រោយពីបានលើកពេលជំនុំជម្រះកាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនោះ លោក កូយ សៅ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ត្រូវាបានមន្ត្រីតុលាការក្រុងភ្នំពេញ អះអាងថា នឹងបើកសវនាការកាត់ទោស ជនជាប់ចោទជាមន្ត្រីកងអង្គរក្សម្នាក់ និងអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ម្នាក់ ដែលជាប់ពាក់ព័ន្ធ បទល្មើស ឆបោក និងក្លែងឯកសារដីធ្លី នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ។

សូមជម្រាបជូនថា លោក ស៊ិន វិរៈ ដែលជាតំណាងអយ្យការកាន់សំណុំរឿងបានចោទប្រកាន់លើជនជាប់ចោទទី១ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ជាមន្ត្រីកងអង្គរក្ស និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ពីបទ ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងឆបោក ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ សាច់ញាតិរបស់ជនជាប់ចោទទាំង២នាក់ខាងលើ បានប្តឹងមេធាវីការពារសិទ្ធិរបស់ពួកគេទី១ឈ្មោះ នូ ចន្ថា និងទី២ឈ្មោះ ថា សុភ័ក្ត្រ ជាក្រុមមេធាវីនៃការិយាល័យ មេធាវី អិន ស៊ី ធី មានទីតាំងផ្ទះលេខ៣០ អឺ១ ផ្លូវ៣៥០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទប្រកាន់ថា មេធាវីទាំង ២នាក់ បានស៊ីដាច់លុយ ២៥,០០០ដុល្លារ ជាលុយរត់ការដោះជនជាប់ចោទ មិនបានសម្រេច ដូចការសន្យា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។

យោងតាមប្រភពពីមន្ត្រីសាលាដំបូងបានឱ្យដឹងថា សំណុំរឿងនេះ កំពុងមានអ្នករត់ការ ជួយសម្របសម្រួលឱ្យ តុលាការបន្ធូរបន្ថយទោសដោយ ជួយកាត់តម្រឹម ដោយអនុវត្តទោសក្នុងពន្ធនាគារលើ ជនជាប់ចោទទាំងពីរនាក់ ត្រឹមថ្ងៃប្រកាសសាលក្រម តែប៉ុណ្ណោះ។

ដើមបណ្តឹងនៃសំណុំរឿងនេះ បានអះអាងថាពួកគាត់ កំពុងរង់ចាំមើលថា តើតុលាការពិតជាហ៊ានដោះលែងជនជាប់ចោទ ដូចអ្វីដែលជាពាក្យ ចចាមអារ៉ាម នេះមែនដែរឬទេ? បើពួកគាត់ជាជនរងគ្រោះ មិនទាន់បានសំណងសូម្បី មួយតែសេនពីជនជាប់ចោទបែបនេះ។

ដើមបណ្តឹងបានសម្តែងក្តីសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ឲ្យពួកគាត់ជាជនងគ្រោះ និងផ្តន្ទាទោសជនជាប់ចោទ ឲ្យសមតាមអំពើដែលពួកគេបានប្រព្រឹត្ត។

សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ចារុណ មេបញ្ជាការរង កងអង្គរក្ស សម្តេច តេជោ ហ៊ុន សែន ធ្លាប់បានអះអាងប្រាប់អ្នកសារព័ត៌មាន ដោយច្រានចោលថា ជនជាប់ចោទឈ្មោះ ស៊ុន សៀង គ្មានឈ្មោះ ជាមន្ត្រីនៅបញ្ជាការដ្ឋានកងអង្គរក្ស របស់សម្តេច តេជោ ហ៊ុន សែន នោះទេ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ចារុណ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ជួយរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើមានជនណា ហ៊ានយកតួនាទីជាកងអង្គរក្ស ទៅប្រើប្រាស់ ដោយខុសច្បាប់ និងខុសពីការតព្វកិច្ចរបស់ខ្លួន ពោលគឺដើរបោកប្រាស់ ប្រជាពលរដ្ឋស្លូតត្រង់ ដើម្បីប្រយោជន៍ទុច្ចរិតផ្សេងៗ ព្រោះទង្វើបែបនេះជាការធ្វើឱ្យបះពាល់ដល់ ស្ថាប័នកងអង្គរក្ស យ៉ាងធ្ងន់ធ្ងរ និងមិនអាចលើកឱ្យបាននោះទេ។

កាលពីពេលថ្មីៗ កន្លងទៅ សម្តេច តេជោ នាយករដ្ឋមន្ត្រី ក៏ធ្លាប់បានអំពាវនាវឱ្យតុលាការ ចាត់ការតាមច្បាប់ឱ្យតឹងរឹងបំផុត ចំពោះជនណា ទោះជាពាក់ផ្កាយប៉ុន្មានក៏ដោយ ដែលហ៊ានយក តួនាទីជាកងអង្គរក្សទៅប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ។

ដោយឡែកយោងតាម ប្រកាស លេខ ៥១៩ ប្រ.ក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានហត្ថលេខា ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាក្រសួងមហាផ្ទៃ បានសម្រេច ដកបេក្ខភាពជនជាប់ចោទឈ្មោះ ហេង សាន ពីសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដោយដាក់បេក្ខភាពថ្មីជំនួសវិញ។

សូមជម្រាបជូនថា ជនជាប់ចោទទី១ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានចៅក្រមស៊ើប នៃសាលាដំបូងរាជធានីភ្នំពេញ ២រូប បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជាបណ្តោះអាសន្ននៅពន្ធនាគារ តាមរយៈដីកាបង្គាប់ឱ្យឃុំខ្លួន ចំនួន ២ ក្នុងសំណុំរឿងពីរផ្សេងៗគ្នា រួមមាន៖

-ទី១ ដីកា បង្គាប់ឱ្យឃុំខ្លួន របស់ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយចោទប្រកាន់ជនត្រូវចោទ ទាំង២នាក់ ពីបទ ឆបោក ប្រាក់កក់ថ្លៃដី ចំនួន ៥ម៉ឺនដុល្លារ ពីជនរងគ្រោះ ប្រព្រឹត្តនៅអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ យោងតាមបទចោទ ឆបោកនេះ ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ។

-ទី២ដីកា បង្គាប់ឱ្យឃុំខ្លួន របស់លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចុះទី១៧ ខែមករា ឆ្នាំ២០១៨ ដោយចោទប្រកាន់ ជនត្រូវចោទទាំង ២នាក់ ខាងលើពីបទ ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងឆបោក ដោយក្លែងបន្លំស្នាមេដៃប្រជាពលរដ្ឋ៕

មតិយោបល់