ភ្នំពេញៈ តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីបង្កការភ្ញាក់ផ្អើលមួយ ដោយយុវជនម្នាក់ បានជិះម៉ូតូសបុកគេដួល ក៏ស្រាប់តែរៀលកៃកាំភ្លើង ដែលដាក់ជាប់ខ្លួន ផ្ទុះចំជើងខ្លួនឯង ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង៨ និង៤៥ នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៥២៨ កែងនិងផ្លូវ៣៣៧ ស្ថិតនៅសង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក។
ជនសង្ស័យខាងលើមានឈ្មោះ ចាន់ វិបុល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងទឹកភ្លើងនៅក្រុម ហ៊ុនម៉ុងរិទ្ធី ស្នាក់នៅផ្ទះលេខ១៣១ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានជិះម៉ូតូម៉ាក ហុងដាកុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ព្រៃវែង1D-8881 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣៣៧ ក្នុងទិលដៅពីកើតទៅលិច ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកជាមួយនិងម៉ូតូមួយគ្រឿង បណ្តាលឲ្យជនសង្ស័យខាងលើ រងរបួសបាក់ភ្លៅខាងស្តាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនទើបតែចេញមកពីផឹកស៊ី នៅផ្ទះរបស់ខ្លួន ហើយបានជិះទៅផ្ទះរបស់ម្តាយ នៅម្ដុំទួលសង្កែ លុះមកដល់កន្លែងកើតហេតុ ក៏ប្រទះឃើញកាំភ្លើង អាការមួយដើម នៅនិងដីតាមចិញ្ចើមផ្លូវ ក៏បានរើសកាំភ្លើងនោះ យកមកដាក់នៅខាងមុខម៉ូតូ ហើយក៏បន្តដំណើរទៅខាងមុខទៀត ដោយ ក្នុងលក្ខណៈភ័យស្លន់ស្លោរផងនោះ ទើបបណ្តាលឲ្យគេជិះម៉ូតូទៅបុក ជាមួយនិងម៉ូតូមួយគ្រឿងទៀតតែម្តងទៅ ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ច ដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ រីឯវត្ថុតាងកាំភ្លើង រួមទាំងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ដើម្បីរងចាំធ្វើការស្រាវជ្រាវពេលក្រោយ៕
មតិយោបល់