ព័ត៌មានជាតិ

បុកបែកកញ្ចក់រថយន្តប្រាវ សង៧០ដុល្លារ បញ្ចប់រឿង

ភ្នំពេញៈ ជនជាតិចិនបើករថយន្តដល់ភ្លើងស្តុបជាន់ហ្វាំងឈប់ភ្លាមៗ ត្រូវរ៉ឺម៉កកង់បីបុកពីក្រោយបែកកញ្ចក់ ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវចោមរោមមើល ហើយជួយនិយាយសម្របសម្រួល ដើម្បីបញ្ចប់រឿង។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣និង០៥នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅស្តុបដេអិន តាមផ្លូវ១២៨ កម្ពុជាក្រោម កែងផ្លូវ២១៥ ស្ថិតនៅសង្កាត់ដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីអង្គុយលើកង់បីបានប្រាប់ថា មូលហេតុដែលបណ្តាលឲ្យបុកបែកកញ្ចក់រថយន្ត ម៉ាក Hiace ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 2S-0080 បើកតាមបណ្តោយផ្លូវកម្ពុជាក្រោម មកដល់ស្តុប ដោយរថយន្តចង់ទៅមុខតែមានប៉ូលិសចរាចរ ហើយភ្លើងស្តុបលោតបត់ខាងឆ្វេង រថយន្តក៏វ៉ៃភ្លើងបត់ឆ្វេង តែមិនទាន់ក៏ជាន់ហ្វាំងឈប់ភ្លាមៗ ហើយស្របពេលកង់បីមើលមិនឃើញ ហើយមិនដឹងគេចទៅណា និងជាន់ហ្វាំងមិនជាប់ ក៏ដំបូលរ៉ឺម៉កបុកចំកញ្ចក់ខាងក្រោយបែកតែម្តង។

អ្នកបើករ៉ឺម៉កកង់បីមានឈ្មោះ សុខជា ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បី ស្នាក់នៅម្តុំព្រលានយន្តហោះពោធិចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រាប់ថាគាត់បានឌុបភ្ញៀវចំនួន៣នាក់ ពីពោធិចិនតុងទៅផ្សារចាស់ ដោយបើកបរពីលិចទៅកើតក៏មកដល់ស្តុបដេអិន បានឃើញរថយន្តខាងលើ មានបំណងបត់ទៅឆ្វេងក ហើយជាន់ហ្វាំងឈប់ភ្លាមៗមិនដឹងគេចទៅណា នឹងជាន់ហ្វាំងរ៉ឺម៉កកង់បីមិនជាប់ ក៏បានបុកបែកកញ្ចក់រថយន្តតែម្តង។

ដោយកញ្ចក់រថយន្តខាងក្រោយនៃរថយន្តមានតម្លៃ២៧០ដុល្លារ ហើយខាងភាគីម៉ូតូកង់បីសងបាន៧០ដុល្លារ ដើម្បីបញ្ចប់បញ្ហានៅកន្លែង ដោយមិនរំខានសមត្ថកិច្ចខណ្ឌទួលគោកឡើយ ដោយមានភ្ញៀវជួយចេញ២០ដុល្លារ និងខ្ចីលុយភ្ញៀវ ៥០ដុល្លារថែមទៀត៕

photo_2016-11-01_16-45-07photo_2016-11-01_16-45-10photo_2016-11-01_16-45-12photo_2016-11-01_16-44-54photo_2016-11-01_16-45-00photo_2016-11-01_16-45-05

មតិយោបល់