ព័ត៌មានជាតិ

រថយន្ត ពន្លះម៉ូតូពីរគ្រឿង ស្លាប់ និងរបួស ៤ នាក់ នៅតាកែវ

តាកែវៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តប៉ះគ្នាជាមួយនិងម៉ូតូពីរគ្រឿង បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាល៣នាក់ និងស្លាប់ម្នាក់ ដែលកើតហេតុ កាលពីវេលាម៉ោង ៤ ល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវលេខ២២ ចន្លោះគីឡូម៉ែត្រលេខ៨-៩ ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ិនដាយ Frontier ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7354 បើកបរដោយឈ្មោះ ហង់ ស៊ុយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត នៅភូមិដកវ៉ាន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បើកបរមកពីទិសខាងលិច លុះមកដល់ចំណុចកើតហេតុ បានបែកកង់មុខផ្នែកខាងឆ្វេង ក៏រេចង្កូតទៅបុកនឹងម៉ូតូពីរគ្រឿង៖ ទី១.ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ តាកែវ 1J-0381 បើកបរដោយឈ្មោះ ហ៊ន ដាវ័ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ នៅភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) មានឌុបមនុស្ស២ នាក់ពីក្រោយ ទី១.ឈ្មោះ អ៊ុក គន្ធា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកសិករ នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) ត្រូវជាប្រពន្ធអ្នកបើកបរម៉ូតូខាងលើ និងទី២.ឈ្មោះ វឿន ដាវ៉ាន់ ភេទប្រុស អាយុ២ឆ្នាំ នៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល) (ត្រូវជាកូន) ដែលបើកបរមកពីទិសខាងកើត និងម៉ូតូទី២ ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1H-9288 បើកបរដោយឈ្មោះ ខៀវ ដា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងភ្លើង នៅភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ)។

ក្រោយពេលកើតហេតុជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ខណៈដែលសមត្ថកិច្ច បានចុះមកធ្វើការវាស់វែង ដើម្បីធ្វើការតាមនីតិវិធីច្បាប់ ។ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នវត្ថុតាងរថយន្ត និងម៉ូតូទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់