បន្ទាប់ពី UEFA បានចាប់ឆ្នោតរួចមក បង្ហាញឲ្យឃើញថា ក្រុមហង្សក្រហម Liverpool ត្រូវទទួលក្រុមចចក Roma ខណៈក្រុមអធិរាជស Real Madrid វិញត្រូវជួបក្រុម អាឡឺម៉ង់ Bayern Munich នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ឆ្នាំនេះ។
ក្រោយពីការចាប់ឆ្នោតរួចនោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍វិញនោះ គឺកីឡាករឆ្នើម ២រូប ដែលត្រូវជួបអតីតក្រុមរបស់ពួកគេ នាវគ្គដ៍សំខាន់មួយនេះ ខណៈវាជារឿងមួយមិនគួរឲ្យជឿឡើយ។ ក្នុងនោះដែរ ខ្សែបម្រើប្រយុទ្ធកូឡុំប៊ី James Rodriguez ត្រូវលេងតទល់ជាមួយក្រុម Real Madrid ជាក្រុមចាស់របស់គេ ដែលបានផ្ទេរមកកាន់ Bayern Munich កាលពីរដូវក្តៅមុន ពោលមិនទាន់បាន ១រដូវកាលនៅឡើយទេ។
James លេចលឺពត៌មានល្ហិចល្ហៀងមកថា ក្រុម Real Madrid ចង់នាំយកទៅវិញ នៅរដូវកាលក្រោយនេះ ក៍ប៉ុន្តែ ខាង Bayern Munich វិញ ហាក់មានបំណងចង់ទិញយកផ្តាច់តែម្តង ក្រោយពីឃើញកីឡាកររូបនេះ មានទម្រង់លេងយ៉ាងល្អ ជាមួយក្លិប ក្នុងរយៈពេលនៃការខ្ចីជើងកន្លងមកនេះ។ ក្រលេកមកមើលខ្សែប្រយុទ្ធអេហ្ស៊ីប កំពុងល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះវិញ គឺ Mohamed Salah ក៍មិនខុសពី James Rodiguez ឡើយ ដោយរូបគេត្រូវជួបក្លិបចាស់របស់គេ AS Roma ។ Salah ចាកចេញ មកកាន់ Liverpool មិនទាន់បានមួយរដូវកាលស្រួលបួលផង បែរជាត្រូវមកជួបក្លិបចាស់របស់គេវិញ តែការជួបនេះ មិនមែនជាការសួរសុខទុក ឬប្រកួតសាកជើងគ្នាឡើយ បែរជាមកក្នុងនាមជាគូបដិបក្ខ ប្រជែងគ្នាដូចសត្រូវ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រទៅវិញ។
ដូច្នេះហើយ ទាំង James Rodriguez និង Mohamed Salah សុទ្ធតែត្រូវប្រឈមមុខជាមួយក្លិបចាស់របស់ពួកគេ ក្នុងន័យស៊ីសាច់ហុតឈាមគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ដើម្បីស្វែងរកកៅអី វគ្គផ្តាច់ព្រ័ត្រ នៅទីក្រុងគាវ ប្រទេសអ៊ុយក្រែន។
មតិយោបល់