ភ្នំពេញៈ ជនសង្ស័យជាចោរម្នាក់ បានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ១គ្រឿងពីក្នុងភូមិសាស្ត្រស្រុកបាទីខេត្តតាកែវ ហើយបានជិះយកមកលក់នៅរាជធានីភ្នំពេញ។ ប៉ុន្តែជួបកម្លាំងនគរបាលខណ្ឌដង្កោ កំពុងដាក់គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍តាមផ្លូវឃើញគួរឲ្យសង្ស័យក៏បានធ្វើការចាប់ខ្លួនតែម្ដង។
ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅតាមផ្លូវ២១៧ មុខសាលាអគ្គិសនីកម្ពុជា ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើនោះឈ្មោះ ងី ធារិទ្ធ អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងរោង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ បានធ្វើសកម្មភាពលួចបានម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពី ពណ៌ស គ្មានស្លាកលេខ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលចាប់ខ្លួនកម្លាំងនគរបាលខាងលើបានដាក់កម្លាំងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកត្រង់ចំណុចកើតហេតុ។ ខណៈនោះបានប្រទះឃើញជនសង្ស័យជិះម៉ូតូហុងដាស្កូបពី១គ្រឿងនោះ ក្នុងទិសដៅពីត្បូងទៅជើងទៅដល់ ហើយដោយសារតែម៉ូតូគ្មានស្លាកលេខគួរឲ្យសង្ស័យនគរបាលក៏បានឃាត់ត្រួតពិនិត្យ។ពេលនោះបានប្រទះឃើញមានឧបករណ៍សម្រាប់កាច់សោ.កម៉ូតូ១កំប្លេរនៅជាប់ខ្លួនជននោះ ទើបធ្វើការចាប់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតែម្ដង។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាច់សោរម៉ូតូ១គ្រឿងនោះមែន ដោយលួចចេញពីម្ដុំខាងកើតផ្សារចំបក់ ស្រុកបាទី ខេត្តតាកែវ។បន្ទាប់មកបានជិះចូលរាជធានីភ្នំពេញ ដើម្បីយកមកលក់នៅម្ដុំផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ប៉ុន្តែអស់លក្ខណ៍ត្រូវនគរបាលខណ្ឌដង្កោធ្វើការចាប់ខ្លួនបានបែបនេះតែម្ដង។ពេលនេះនគរបាលបានកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅអោយនគរបាលស្រុកបាទីចាត់ការបន្តរតាមនិតិវិធី៕
មតិយោបល់