ភ្នំពេញៈ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ.ស២០១៨ ឈានមកដល់ ប្រជាជនកម្ពុជា ទូទាំងប្រទេស កំពុងជួបជុំគ្រួសារ ញាតិមិត្តជិតឆ្ងាយ ដើម្បីអបអរសាទរ រីករាយស្វាគមន៍ ទទួលទេវតាឆ្នាំថ្មី ដោយឡែកក៏មានបងប្អូនមួយចំនួន បានចាក់សោផ្ទះដើរលេង តាមរមណីយដ្ឋាន និងកន្លែងកំសាន្តក្នុងខេត្តផ្សេង តាមចិត្តប្រាថ្នា ។
ទន្ទឹមជាមួយគ្នានេះផងដែរ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ សូមចូលរួមក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា ទាំងការបើកបរក្នុងពេលធ្វើដំណើរដងផ្លូវ ទាំងការចាក់សោទ្វារផ្ទះរក្សាទ្រព្យសម្បត្តិពេលយើងមិននៅ ដូចពាក្យចាស់លើកឡើងថា «ប្រហែសបាត់ ប្រយ័ត្នគង់»!
ជាក់ស្តែង នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទើបតែបានបញ្ជូនចោរឆ្លៀតឳកាស ៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធករណី គាស់ទម្លុះទម្លាយផ្ទះ លួចយកទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋ នៅចំណុច ផ្ទះលេខ៤១៩ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលម្ចាស់ផ្ទះ បានចេញទៅ ខេត្តតាកែវ។
តាមការរៀបរាប់របស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ក្រុមគ្រួសារពួកគាត់បានចាក់សោទ្វាផ្ទះ និងរបងយ៉ាងត្រឹមត្រូវ រួចធ្វើដំណើរទៅខេត្តតាកែវមួយយប់ ស្រាប់តែព្រឹកឡើង ពួកគាត់ត្រឡប់មកវិញ ក៏ឃើញទ្វារ របង និងទ្វារផ្ទះរបស់ខ្លួនចំហរ ភ្លាមនោះ ខ្លួនបាន ចូលទៅមើល ឥវ៉ាន់ ក្នុងផ្ទះ ក៏ឃើញបាត់សម្ភារមានតម្លៃ មួយចំនួន ដូចជា៖ ម៉ូតូ ម៉ាក ហុង ដា សេ១២៥ ស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1DA-1071 ០១គ្រឿង កាបូបលុយ១ មានប្រាក់ដុល្លារចំនួន ២ពាន់ដុល្លារអាមេរិក និងប្រាក់រៀលចំនួន ១០ម៉ឺនរៀល កុំព្យូទ័រ ១គ្រឿង ពណ៌ខ្មៅ ខ្សែកមាស១ខ្សែទម្ងន់១តម្លឹង, ខ្សែដៃប្លាកទី១ខ្សែទម្ងន់៥ជី ចិញ្ចៀនប្លាកទីនទម្ងន់ ៣ជី ក្រវិលប្លាកទីទម្ងន់២ជី និងកូនជ្រូកសម្រាប់សន្សំប្រាក់ ដែលមានប្រាក់នៅក្នុងនោះមួយចំនួន។
បន្ទាប់ពីពិនិត្យឃើញសម្ភារៈរបស់ខ្លួនបានបាត់បង់ ជនរងគ្រោះ ក៏បានរាយការណ៍ជូនដល់សមត្ថកិច្ចអាវុធហត្ថ ក្នុងខណ្ឌមានជ័យ ហើយកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវ ស្វែងរកមុខសញ្ញា ដោយយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១១នាទីយប់ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានវែកមុខនិងធ្វើការបង្ក្រាប ក្រុមចោរ ឆ្លៀតឳកាសបានចំនួន ៣នាក់ យកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកសាងសុំណុំរឿងបញ្ជូនទៅតុលា ក្នុងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ដើម្បីផ្តន្ទាទោសតាមច្បាប់ ព្រមទាំងរឹបអូសបានសម្ភារៈមួយចំនួន ប្រគល់ជូនម្ចាស់ដើមវិញ។
ក្រុមចោរឆ្លៀតឳកាសទាំង៣នាក់ នេះ មាន៖
១.ឈ្មោះ យិន សារ៉េត ហៅម៉ាប់ ភេទប្រុស អាយុ ២៤ឆ្នាំ
២.ឈ្មោះ ង៉ុន ផា ហៅអ៊ូក ភេទប្រុស អាយុ ១៩ឆ្នាំ
៣. ឈ្មោះ សន សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ៕
មតិយោបល់