កំពង់ចាមៈ ករណីលង់ទឹក បណ្ដាលឲ្យមនុស្សក្មេងចាស់ចំនួន ៤ នាក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោងប្រហែល៦ ល្ងាច នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្បាលកោះ ទល់មុខភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
ជនរងគ្រោះទី១.ឈ្មោះ ស្លេះ ហាសាណាស់ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិចាម ទី២.ឈ្មោះ អាណាហ្វ៊ី អាហ្វ៊ីណាហ៊ីម ភេទប្រុស អាយុ ១២ឆ្នាំ ជនជាតិចាម ទី៣.ឈ្មោះ អាណាហ្វ៊ី សារីរ៉ា ភេទស្រី អាយុ ៥ឆ្នាំ ជនជាតិចាម និងទី៤.ឈ្មោះ ជុក ឧស្មាន ភេទស្រី អាយុ ៨ឆ្នាំ ជនជាតិចាម អ្នកទាំង៤ នាក់ ខាងលើមានទីលំនៅភូមិសាច់សូរ ឃុំពាមជីកងស្រុកកងមាស ខេត្តកំពង់ចាម ចំណែកសាកសពម្នាក់ទៀតមិនទាន់ឃើញឈ្មោះ អាណាហ្វ៊ី អាហ្វ៊ីណាហ៊ីម អាយុ១២ឆ្នាំ។
តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនាំឲ្យមានករណីនេះ គឺដោយសារជនរងគ្រោះ បាននាំគ្នាទៅលេងទឹក នៅចុងកោះ។
ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចប៉ុស្តិ៍ពាមជីកង និងជំនាញបានសន្និដ្ឋានថាសពទាំងអស់ពិតជាបានស្លាប់ ដោយសារលង់ទឹកប្រាកដមែន មិនពាក់ព័ន្ធនឹងរឿងព្រហ្មទណ្ឌនោះទេ ទើបក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់