ភ្នំពេញៈ ជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌដូនពេញចុះបង្រ្កាបជាបន្តបន្ទាប់ នៅប្លុកអតីតរោងចក្រឆ្នាំ នៅភូមិ០២ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦។
នគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ក្រុមជនសង្ស័យដែលកម្លាំងជំនាញបង្រ្កាបជាបន្តបន្ទាប់ក្នុងករណីផ្សេងពីគ្នានោះទី១ឈ្មោះ ជុន ស្រស់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលនៅផ្លូវរថភ្លើងកន្លែងកើតហេតុ ទី២ឈ្មោះ សាញ់ ភក្តី ភេទប្រុស អាយុ១៨ឆ្នាំស្នាក់នៅម្តុំកន្លែងកើតហេតុដូចគ្នា និងទី៣ ឈ្មោះ កែវ សុខកាន់ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅសង្កាត់វាលវង់ខណ្ឌ៧មករា។ ចំណែកវត្ថុតាងថ្នាំញៀនដែលដកហូតបានមានចំនួន៧កញ្ចប់ រួមទាំងវត្ថុតាងមួយចំនួនទៀត។
ប្រភពដដែលបានបន្តទៀតថា មុនពេលឃាត់ខ្លូនជនសង្ស័យទាំងនោះ គឺកម្លាំងនគរបាលស្រះចក និងកម្លាំងព្រហ្មទណ្ឌខណ្ឌដូនពេញបានចេញល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីពួនស្ទាក់ទប់ស្កាត់រាល់បទល្មើសផ្សេង ដោយអនុវត្តតាមការណែនាំរបស់អភិបាលខណ្ឌដូនពេញលោក គួច ចំរើន និងលោកហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ ដែលបែងចែកឲ្យកម្លាំងនគរបាល តាមបណ្តាប៉ុស្តិ៍ទាំងអស់ ត្រូវតែទ្រោលសភាពការណ៍ចេញពួនស្ទាក់គ្រប់រូបភាព ដើម្បីបង្កា និងទប់ស្កាត់រាល់បទល្មើសឲ្យទាន់សភាពកាណ៍ ដូច្នេះហើយនៅរាត្រីរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែមិថុនា នេះដែរ កម្លាំងនគរបាលជំនាញបានទទួលព័ត៌មានថា មានជនសង្ស័យខាងលើកំពុងជួញដូរគ្រឿងញៀននៅចំណុចកើតហេតុនោះ ទើបកម្លាំងចុះទៅឃ្លាំចាំចាប់ប្រមូលបានក្រុមជនសង្ស័យទាំងនោះតែម្ដង ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនចំនួន០៧កញ្ចប់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតីវិធី៕

មតិយោបល់