(Reuters) - សេតវិមានបាននិយាយថា ប្រទេសរុស្ស៊ីមានកងទ័ពនៅតាមព្រំដែនភាគខាងកើត នៃប្រទេសអ៊ុយក្រែនច្រើនជាងពេលណាៗទាំងអស់ចាប់តាំងពីឆ្នាំ២០១៤ មក នៅពេលដែលប្រទេសរុស្ស៊ីបានភ្ជាប់តំបន់ Crimea ទៅនឹងប្រទេសខ្លួន និងគាំទ្រការដណ្តើមកាន់កាប់ទឹកដីដោយពួកបំបែកខ្លួន ហើយសហរដ្ឋអាមេរិកមានការព្រួយបារម្ភចំពោះការកើនឡើងនូវ “ការគំរាមកំហែងរបស់រុស្ស៊ី”។
រដ្ឋមន្ត្រីសេតវិមានលោកស្រី Jen Psaki បានប្រាប់សន្និសីទកាសែតមួយថា សហរដ្ឋអាមេរិកកំពុងពិភាក្សាអំពីបញ្ហាទាំងនោះជាមួយសម្ព័ន្ធមិត្ត NATO របស់ខ្លួន។
ការបង្កើនកម្លាំងទ័ពនេះ បានក្លាយជាបញ្ហានាពេលថ្មីៗនេះ ចំពោះការមិនចុះសម្រុងគ្នាក្នុងទំនាក់ទំនងរវាងរដ្ឋបាលទីក្រុងម៉ូស្គូ និងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដោយវាបន្ថែមនូវជម្លោះជុំវិញការគ្រប់គ្រងអាវុធ សិទ្ធិមនុស្ស និងបញ្ហាផ្សេងៗទៀត។
កាលពីសប្តាហ៍មុនប្រធានាធិបតីលោក Biden បានបង្ហាញនូវ “ការគាំទ្រយ៉ាងមោះមុត” ចំពោះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ក្នុងការប្រឈមមុខដាក់គ្នាជាមួយប្រទេសរុស្ស៊ី។ កាលពីឆ្នាំ២០១៤ ប្រទេសរុស្ស៊ីបានបញ្ចូលតំបន់Crimea ជាទឹកដីរបស់ខ្លួន និងគាំទ្រក្រុមបំបែកខ្លួនដែលបានកាន់កាប់ទឹកដីភាគច្រើន នៃតំបន់ Donbas ភាគខាងកើត។
ប្រទេសរុស្ស៊ីបាននិយាយថា កងទ័ពរបស់ខ្លួនមិនមានការគំរាមកំហែងទេ ប៉ុន្តែជាការការពារ ហើយពួកគេនឹងនៅឈរជើងរហូតដល់ដរាបណាដែលវិមានក្រឹមឡាំងយល់ថាជាការចាំបាច់។
លោកស្រី Psaki បាននិយាយថា សហរដ្ឋអាមេរិក “មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ដោយសារមានការកើនឡើងចំពោះសកម្មភាពគំរាមកំហែងរបស់រុស្ស៊ីនាពេលថ្មីៗនេះនៅភាគខាងកើតប្រទេសអ៊ុយក្រែន រួមទាំងសកម្មភាពកងទ័ពរបស់រុស្ស៊ីនៅតាមព្រំដែនប្រទេសអ៊ុយក្រែនផងដែរ”។
លោកស្រី Psaki បានបន្ថែមទៀតថា ឥឡូវនេះប្រទេសរុស្ស៊ីមានកងទ័ពច្រើនជាងពេលណាៗទាំងអស់ចាប់តាំងពីឆ្នាំ២០១៤ មក ដោយបាននិយាយថា ទាហានអ៊ុយក្រែនចំនួន ០៥នាក់ត្រូវបានសម្លាប់កាលពីសប្តាហ៍មុន ៕
មតិយោបល់