ព័ត៌មានជាតិ

ស្រីស្អាត បើករថយន្តទំនើប​SIENNA បុករថយន្ត Mazda CX-5 ផ្អើលពេញមុខផ្សារទំនើប​សូរិយា​!

ភ្នំពេញ: ​នារីរូបស្រស់ស្អាតម្នាក់ បើកបររថយន្តស៊េរីទំនើប​ SIENNA បោះពួយក្នុងល្បឿនយ៉ាងលឿន បុកជាមួយនឹងរថយន្ត Mazda មួយគ្រឿង​ទៀតដែលកំពុងបើកលឿនដូចគ្នាពេញទំហឹង បណ្ដាលឲ្យខ្ទេចរថយន្តទាំង២គ្រឿង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៤០នាទីយប់ ថ្ងៃអាទិត្យ​ទី១៥ ខែមេសា ឆ្នាំ២០១៨នេះ ត្រង់ចំណុចផ្លូវបំបែកជាបួន មុខ​បណ្ណាគារ​ ហៀ សៀវខេង ម្ដុំផ្សាទំនើបសូរិយា តាមបណ្តោយផ្លូវ​ត្រសក់ផ្អែម(ផ្លូវលេខ៦៣) កែងផ្លូវ​លេខ១៥៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ ​គេឃើញមានរថយន្តស៊េរីទំនើប​មួយគ្រឿង​ ម៉ាក​ SIENNA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-8299 បើកបរដោយនារីម្នាក់ ធ្វើដំណើរ​ពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុមុខ​បណ្ណាគារ​ ហៀ សៀវខេង ដែលជាចំណុចផ្លូវបែកជាបួននោះ ស្រាប់តែមានរថយន្តស៊េរីទំនើប មួយគ្រឿងទៀត ម៉ាក Mazda CX5 ពាក់ស្លាកលេខ ភ្នំពេញ​ 2AJ-0133 ធ្វើដំណើរតាមផ្លូវលេខ៦៣ ពីត្បូងទៅជើង​ ក្នុងល្បឿនយ៉ាងលឿន​ដូចគ្នា បានទៅបុកគ្នាពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្ត SIENNA ខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។ ចំណែករថយន្ត Mazda រងការខូចខាតចំហៀងខាងឆ្វេងយ៉ាងដំណំ។

ភ្លាមៗនោះគេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានធ្វើការសាកសួរភាគីទាំងសងខាង ទើបនារីរូបស្រស់ដែលជាអ្នកបើកបរថយន្តបានទាក់ទង បងប្អូនឲ្យមកជួយដោះស្រាយគ្នាជាមួយនឹងម្ចាស់រថយន្ត Mazda ម្ខាងទៀត នៅកន្លែងកើតហេតុ តែមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តទាំង២ធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕

មតិយោបល់