ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនា វាយម្ដាយក្មេកច្របាច់ក និងធាក់ដើមទ្រូង

ប៉ៃលិនៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង១៨និង០០ថ្ងៃអង្គារ ០២កើត ខែមគិសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ដែលត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានទទួលពាក្យបណ្ដឹងអំពីករណីហិង្សាដោយចេតនា មួយករណីប្រព្រឹត្តកាលពីវេលាម៉ោង ៥និង៣០នាទីថ្ងៃនៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនសង្ស័យឈ្មោះ ខន គឿន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ បៀវ សឹង ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរលក់នំខ្មែរ រស់នៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

រឿងហេតុមុនឈានដល់ការប្រើអំពើហិង្សាទៅលើជនរងគ្រោះ ជនបង្កបានផឹកស្រាស្រវឹងយ៉ាងខ្លាំង ហើយបានឈ្លោះគ្នាជាមួយប្រពន្ធហើយប្រពន្ធក៏បានគេចចេញ ដើម្បីកុំឱ្យមានរឿងវែងឆ្ងាយ។ លុះដល់ម៉ោងកើតហេតុជនបង្កបានស្រែកជេរម្ដាយក្មេកជាជនរងគ្រោះហើយដៀលពូជថា ជាពូជផិតក្បត់ប្ដី ហើយអ្នកទាំងពីរក៏បានទាស់ពាក្យសម្ដីគ្នា ហើយជនបង្កបានវាយទៅលើជនរងគ្រោះដោយបោកជនរងគ្រោះទៅលើដីច្របាច់ក និងយកជើងធាក់ដើមទ្រូងរបស់ជនរងគ្រោះរួចអូសជនរងគ្រោះនៅលើដី។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់