ភ្នំពេញៈ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ បានអញ្ជើញគណៈប្រតិភូក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបចំនួន០៥រូប ដែលដឹកនាំដោយ លោកបណ្ឌិតសាស្រ្តាចារ្យ Mr. Anton Caragea ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មនៃសហភាពអឺរ៉ុប មកធ្វើទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីផ្តល់ជយលាភីពានរង្វាន់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា “កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក សម្រាប់ឆ្នាំ២០១៦ Cambodia – the World Best Tourist Destination for 2016 ព្រមទាំងប្រកាស កម្ពុជា ជាគោលដៅវប្បធម៌ពេញនិយមសម្រាប់ឆ្នាំ២០១៦ The Favorite Cultural Destination for 2016” ។
នេះ ជាមោទនភាពដែលជាតម្លៃធំធេងមួយទៀត សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល បន្ទាប់ពីយើងបានទទួលជ័យលាភីពានរង្វាន់ថ្មីៗនេះដែរ ពីទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ ទេសចរណ៍ TripAdvisor ដែលទីក្រុងសៀមរាបបានឈ្នះជា គោលដៅទេសចរណ៍ល្អបំផុតក្នុងអាស៊ីសម្រាប់ឆ្នាំ២០១៦ Siem Reap as the Best Destination in Asia 2016 និងប្រាសាទអង្គរវត្ត បានឈ្នះជា ប្រាសាទល្អបំផុតក្នុងអាស៊ីសម្រាប់ឆ្នាំ២០១៦ Angkor Wat as the Best Landmarks in Asia 2016។
ដោយឡែកជ័យលាភីពានរង្វាន់ “កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកសម្រាប់ ឆ្នាំ២០១៦ Cambodia – the World Best Tourist Destination for 2016 ដែលប្រគល់ដោយ ក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប នឹងរៀបចំធ្វើពិធីទទួលជាផ្លូវការនៅវិមានសន្តិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៥ ដោយមានសមាជិកមកពីប្រទេសទាំង២៧ក្នុងសហគមន៍អឺរ៉ុប ។ ក្រុមប្រឹក្សានេះគឺជាស្ថាប័នចាស់ជាងគេ និងមានសារៈសំខាន់ក្នុងសហគមន៍អឺរ៉ុបដែលមានជំនាញលើវិស័យស្រាវជ្រាវ និងផ្សព្វផ្សាយទេសចរណ៍ ដោយមានទីផ្សារអតិថិជនរហូតដល់៨០០លាននាក់ក្នុងទូទាំងសហគមន៍អឺរ៉ុប។
គណៈប្រតិភូខាងលើនេះ បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅខេត្តសៀមរាប និងបានធ្វើទស្សនកិច្ចចំនួន០២ថ្ងៃ នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៧ និង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ហើយបានបន្តដំណើរទស្សនកិច្ចមកកាន់រាជធានីភ្នំពេញចាប់ពីថ្ងៃទី១៩ និងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ដែលមានការរៀបចំទៅទទួលស្វាគមន៍គណៈប្រតិភូនៅពេលព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយលោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ក្នុងដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ គណៈប្រតិភូនឹងចូលជួបសម្តែងការគួរសម ជាមួយលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ផងដែរ ហើយនៅល្ងាចថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៦ នាសណ្ឋាគារសុខាភ្នំពេញ ក៏នឹងមានរៀបចំពិធីជប់លៀងអបអរសាទរក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាបានទទួលមហាកិត្តិយសដ៏ថ្ងៃថ្លានេះ ដោយមានការសម្តែងសិល្បៈ ជូនភ្ញៀវទស្សនាផងដែរ៕
មតិយោបល់