ភ្នំពេញៈ ប្រជាពលរដ្ឋដែលរស់នៅនិងអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ជិតកន្លែងសត្ដឃាតដ្ឋានកាប់ជ្រូកនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កំពុងនាំគ្នារអ៊ូរទាំយ៉ាងខ្លាំងចំពោះកន្លែងខាងលើនេះដែលមានធំក្លិនស្អុយជារៀងរាល់ថ្ងៃ ជាពិសេសពេលព្រឹកទាំងល្ងាច និងយប់។
បើតាមសម្ដីប្រជាពលរដ្ឋដែលរស់នៅជិតខាង បាននិយាយរៀបរាប់ថា ទីតាំងសត្ដឃាតដ្ឋានកាប់ជ្រូកភូមិដំណាក់ធំ៣ នេះមិនមែនទើបតែមានក្លិនស្អុយអាចមន៍ជ្រូកឥឡូវនេះទេ គឺស្អុយជាយូរណាស់មកហើយ ប៉ុន្ដែពួកគាត់មិនដឹងធ្វើយ៉ាងម៉េចទេ ទើបពួកគាត់ចេះតែទ្រាំៗទៅ មិនតែប៉ុណ្ណោះពេលដែលរថយន្តដឹកជ្រូកចូលហើយចេញមកវិញគឺតៃកុងឡានយកមកឈប់នៅលើផ្លូវវេងស្រេងធ្វើអោយមានការកកស្ទះចរាចរណ៍ជារៀងរាល់ផងដែរ។
ពួកគាត់បានបន្តទៀតថាសូម្បីរកលក់បាយនៅពេលព្រឹកក៏មិនដាច់ទេ ហើយក៏មិនមានអ្នកណាចូលហូបដែរពោលគឺស្អុយអាចមន៍ជ្រូកតែម្ដង ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវវេងស្រេងអោយតែមកដល់កន្លែងនេះដឹងតែយកដៃបិទច្រមុះគ្រប់ៗគ្នា ហើយមិនដែលឃើញខាងអាជ្ញាធរចុះទៅពិនិត្យនិងណែនាំកន្លែងទីតាំងខាងលើនោះទេ។
នៅពេលនេះពួកគាត់បានសូមណូមពរដល់អាជ្ញាធរខណ្ឌមានជ័យនិងមន្ត្រីជំនាញចុះទៅពិនិត្យនិងណែរនាំម្ចាស់ទីតាំងខាងលើនេះធ្វើយ៉ាងណាកុំអោយមានក្លិនស្អុយតទៅទៀត ដើម្បីអោយពួកគាត់រស់នៅជិតកន្លែងនេះមានផាសុខភាពនិងរកសុីលក់ដូរបានខ្លះផង៕
មតិយោបល់