ព័ត៌មានជាតិ

ពលរដ្ឋ៤៥នាក់តំណាងឲ្យ៤៤៦គ្រួសារ ខឹងអាជ្ញាធរ ដាក់ប្រព័ន្ធហើយប្រើមិនកើត

ភ្នំពេញៈ ប្រជាពលរដ្ឋចំនួន៤៥នាក់ តំណាងឲ្យប្រជាពលរដ្ឋ៤៤៦គ្រួសារ រស់នៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រមូលផ្តុំគ្នា ក្នុងមូលដ្ឋាន កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ដោយខឹងសម្បាទៅនឹងអាជ្ញាធរមូលដ្ឋាន សង្កាត់ចោមចៅ រៃអង្គាសលុយដាក់ប្រព័ន្ធលូឲ្យពួកគាត់ហើយ តែប្រើមិនកើត គ្មានគុណភាព គ្មានស្តង់ដា ធ្វើឲ្យទឹកជន់លិចនារដូវភ្លៀង។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងមូលដ្ឋានគាត់រស់នៅមានចំនួន៤៤៦គ្រួសារ ត្រូវបានអាជ្ញាធររៃអង្គាសលុយមួយគ្រួសារ១៦០ដុល្លារ ដើម្បីរៀបចំប្រព័ន្ធលូ ក្នុងមូលដ្ឋានកាលពីអំឡុងឆ្នាំ២០១៥ កន្លងមក ដោយខាងអាជ្ញាធរ ជួលក្រុមហ៊ុន សុខ សាន្ត មកកសាង តែរហូតមកដល់ពេលនេះ ស៊ឹងមិនទាន់បាន១ឆ្នាំផង បែរជាប្រើមិនកើតប្រព័ន្ធលូខាងលើ ពេលភ្លៀងធ្លាក់ម្ដងៗ បែរជាទឹកលូហូរចូលផ្ទះទៅវិញ ហើយលូនោះទៀតសោត ពុំមានគុណភាព គ្មានគម្របដាក់ គ្មានស្តង់ដា ធ្វើឲ្យទឹកលិចផ្លូវ លិចផ្ទះដដែល។

តាមអ្នកស្រី ខៀវ សុធាវុធ អាយុ៤៨ឆ្នាំ មានទីលំនៅ ចំណុចខាងលើ បានឲ្យដឹងថា ការសាងសង់ បណ្តាញលូក្នុងមូលដ្ឋានគាត់ បានដោយសារអាជ្ញាធររៃអង្គាសលុយតាមគ្រួសារមួយគ្រួសារ១៦០ដុល្លារ ដើម្បីយកមកសាងសង់ប្រពន្ធលូ ដោយមានអាជ្ញាធរ សង្កាត់ចោមចៅ ជាអ្នកធានាឲ្យក្រុមហ៊ុន ឯកជនមួយ ឈ្មោះ សុខ សាន្ត ជាអ្នកទទួលសាងសង់ បណ្តាញលូខាងលើ តែរៀបចំដាក់លូនោះទៀតសោត ហាក់បីដូចជា ពុំត្រូវតាមស្តង់ដា ទៅតាមនីវ៉ោទឹកហូរ មានកន្លែងខ្លះខ្ពស់ មានកន្លែងខ្លះទាប ទើបបណ្តាញលូជួបបញ្ហា នាពេលភ្លៀងធ្លាក់ ជន់លិចផ្លូវដដែល មិនតែប៉ុណ្ណោះ ទឹកលូហូរចូលផ្ទះវិញ ។

ទាក់ទិននិងបញ្ហាខាងលើ ត្រូវបានបងប្អូនប្រជាពលរដ្ឋក្នុងភូមិចោមចៅ ត្រង់ចំណុចខាងលើ សំណូមពរ អាជ្ញាធរ សង្កាត់ ខណ្ឌ មេត្តា ជួយពិនិត្យ បណ្តាញលូ ផ្លូវ ក្នុងមូលដ្ឋានពួកគាត់ ខណៈដែលរដូវភ្លៀងកំពុងចូលមកដល់ ជួបបញ្ហានូវទឹកលិច ពេលភ្លៀងធ្លាក់ម្តងៗ។

ជួបជាមួយលោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅ នៅរសៀលថ្ងៃទី២០ ខែមិថុនា នេះ បានឲ្យដឹងថា បញ្ហាដាក់លូ ត្រង់ចំណុចភូមិចោមចៅ សង្កាត់ចោមចៅ កាលពីអំឡុងឆ្នាំ២០១៥ បានជួលក្រុមហ៊ុន សុខ សាន្ត ជាអ្នកទទួលម៉ៅការសាងសងពិតប្រាកដមែន ហើយសាលាសង្កាត់ ជួយចេញអស់ទឹកប្រាក់បន្ថែមពីលើលុយប្រជាពលរដ្ឋ ចំនួន1500ដុល្លារ សាងសង់មិនទាន់រួចរាល់ផង ក្រុមហ៊ុនខាងលើ រត់គេចបាត់ ទើបលូជួបបញ្ហារហូតមកដល់សព្វថ្ងៃ៕

មតិយោបល់