បរទេស៖ ជាការប្រកួតជ័យជំនះម្តងទៀតរបស់លោក Pep Guardiola ក្នុងការប្រកួតយប់មិញនេះទៅលើក្រុម Aston Villa ដែលដឹកនាំដោយលោក Steven Gerard ទាំងលទ្ធផលប្រផិតប្រផោយ២ទល់នឹង១ប៉ុន្តែនៅតែត្រូវតាមពីក្រោយក្រុមលេខតោខៀវ Chelsea ដដែលក្នុងតារាង។
ទោះបីជាយ៉ាងណាក្តីប្រកួតនេះគឺជាការប្រកួតបំបែកកំណត់ត្រាថ្មីមួយទៀតរបស់លោក Pep ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Man City ពីព្រោះថាវាគឺជាការប្រកួតជ័យជំនះលើកទី១៥០របស់លោកក្នុងចំណោមការប្រកួតទាំង២០៤ហើយវាគឺជាការដឹកនាំទទួលបានជ័យជំនះលឿនបំផុតរបស់គ្រូបង្វឹកនៅអង់គ្លេស។
១គ្រាប់ដំបូងយប់មិញនេះរកបានដោយកីឡាករ Ruben Dias តាំងតែពីនាទីទី២៧មុនពេលដែលកីឡាករ Bernado Silva អាចបន្ថែម១គ្រាប់ទៀតនៅនាទីទី៤៣ប៉ុន្តែក្រុមម្ចាស់ផ្ទះ Aston Villaមិនអាចធ្វើអ្វីបានឡើយរហូតដល់នាទីទី៤៧ទើបកីឡាករ Ollie Watkins ធ្វើបាន១គ្រាប់តាមពីក្រោយមកវិញ។
ជ័យជំនះយប់មិញនេះក៏បានធ្វើឲ្យលោក Pep អាចទទួលបានអត្រាជ័យជំនះដល់ទៅ៧៤ភាគរយក្នុងការដឹកនាំទាំង២០៤ប្រកួតរបស់គាត់ខណៈដែលលោក Jose Mourinho ទទួលបានអត្រាជ័យជំនះ៦៥ភាគរយរីឯលោកតា Alex Ferguson ទទួលបាន៦១ភាគរយ៕
មតិយោបល់