ព័ត៌មានជាតិ

រថយន្តមួយគ្រឿងជិះគ្នា ៧នាក់ ពន្លះម៉ូតូមួយគ្រឿង របួសធ្ងន់ម្នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត ប៉ះគ្នាជាមួយនិងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់បុរសម្នាក់ កាលពីវេលាម៉ោង ២ និង២០នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។

រថយន្តម៉ាក ហ៊ីយុនដាយ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2J-8802 បើកបរពីត្បូងទៅជើង ដោយមានអ្នកជិះក្នុងរថយន្តចំនួន ៧នាក់ (ស្រី៦នាក់ និងប្រុសម្នាក់) គឺជាជនជាតិចិន។

តាមការសាកសួរអ្នកជិះលើរថយន្ត បានឆ្លើយសារភាពថា ក្នុងរថយន្តមានគ្នា ៨នាក់ ដោយម្នាក់ទៀត ជាអ្នកបើកបរបានរត់គេចខ្លួនបាត់ ប៉ុន្តែបើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ពុំមាននរណាម្នាក់ បានរត់ចេញពីរថយន្តនោះទេ។

ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ តាកែវ 1M-9493 បើកបរដោយឈ្មោះ ជា យី ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាវង់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (រងរបួសធ្ងន់) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រុងភ្នំពេញ។

ករណីនេះ កម្លាំងជំនាញបានយកវត្ថុតាងរថយន្ត និងម៉ូតូ ទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាល ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី៕

មតិយោបល់