ភ្នំពេញៈ រថយន្ដដឹកគ្រួសមួយគ្រឿងបើកគេចពីរ៉ឺម៉កកង់បីរេចង្កូតទៅបុកនិងខឿនទ្រូងផ្លូវ បណ្តាលឲ្យដាច់ការឡេកង់ក្រោយក្រឡាប់ផ្ងារជើងចាក់ថ្មរាយប៉ាយពេញផ្លូវ និងបណ្ដាលឲ្យមនុស្ស២នាក់រងរបួសស្រាល។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងមុខផែស្ងួតអ៊ុយ ញ៉ុង តាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោរធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដដឹកថ្មមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខចង្កូតស្តាំ PP-2510 ធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់កប់ស្រូវទិសដៅពីត្បូងទៅជើងលុះ ពេលមកដល់ចំណុចកើតហេតុបើកគេចរ៉ឺម៉កកង់បីមួយគ្រឿង ទើបធ្វើឲ្យរថយន្ដបង្ករេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដាច់ការឡេកង់ក្រោយក្រឡាប់ផ្ងារជើងចាប់ថ្មចោលពេញផ្លូវតែម្ដង និងធ្វើឲ្យមនុស្ស២នាក់រងរបួសស្រាលផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ចំណុចកើតហេតុធ្វើការវាស់វែងនិងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់