ភ្នំពេញៈ បុរសម្នាក់សង្ស័យស្រវឹងស្រាទាំងកណ្ដាលថ្ងៃបានបើករថយន្ដឡិចស៊ីសបុករះម៉ូតូនិងរថយន្តពីខណ្ឌច្បារអំពៅរហូតបុកនៅខណ្ឌមានជ័យទៀតទើបឃាត់បានទាំងរថយន្តនិងអ្នកបើកបរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចមុខវត្តនិរោន៍ ខណ្ឌច្បារអំពៅ បន្ទាប់ពីបង្កគ្រោះថ្នាក់ភ្លាមៗអ្នកបើកបរបានបន្ថែមល្បឿនព្យាមយាមបើករត់គេច រហូតមកដល់ផ្លូវ៦០ម៉ែត្រក្បែរផ្លូវបំបែក២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏បានបន្តបុករថយន្តមួយគ្រឿងទៀតរួចជ្រុលទៅប៉ះម៉ូតូមួយទៀតបណ្ដាលឲ្យបុរសម្នាក់ជិះម៉ូតូរងរបួសបាក់ជើងឆ្វេង ដោយឡែកអ្នកនៅក្នុងរថយន្តរងគ្រោះសំណាងល្អមិនមានអ្នករងរបួស។
ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក ឡិចស៊ីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L.3636 បើកបរដោយបុរស ម្នាក់ដែលគេថាសង្ស័យស្រវឹងស្រាបើកតាមបណ្ដោយផ្លូវបេតុងកោះនរាយ៍ក៏បានរេចង្កូតទៅប៉ះរ៉ឺម៉កដឹកទុយោតែរថយន្តមិនបានឈប់ទេ រួចបន្ថែមល្បឿនបន្តទៅមុខហើយបានបត់ស្ដាំតាមបណ្ដោយផ្លូវជាតិលេខ១ក៏ប៉ះក្មេងស្រីម្នាក់ របួសស្រាលរួចជ្រុលទៅបុកម៉ូតូស្គុបពីមួយទៀតបណ្ដាលឲ្យអ្នកជិះរងរបួសត្រូវបានបងប្អូនលើកដាក់លើម៉ូតូដឹកទៅពេទ្យរថយន្តបង្កនៅតែមិនព្រមឈប់បានបន្តដំណើរទៅមុខទៀតក៏បានជ្រុលទៅបុករថយន្តធន់ធំមួយគ្រឿងទៀត បណ្ដាលឲ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខនៅតែមិន ឈប់ព្យាយាមបើកគេចរហូតមកដល់ផ្លូវបំបែកច្រមុះជ្រូកក៏បានបត់ឆ្វេងតាមផ្លូវ៦០ម៉ែត្រ ខណៈបត់បានប្រហែល១០០ ម៉ែត្រក៏ជ្រុលទៅបុករថយន្ត មួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នាម៉ាក ម៉ាសស្ដា BT50 ពាក់ស្លាកលេខ នគរបាល 2-2093 ចំពីចំហៀងពេញទំហឹង រថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកម៉ូតូស្មាក់មួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់ជិះម៉ូតូរងរបួសបាក់ជើងឆ្វេង។ ចំណែករថយន្តស្លាកលេខនគរបាលរងការខូចខាតមួយចំហៀង ដោយឡែករថយន្តបង្កខ្ទេចផ្នែកខាងមុខនិងដាច់កាឡេកង់មុខខាងឆ្វេងទៅលែងរួច ភ្លាមៗអ្នកបើកបរត្រូវបានសមត្ថកិច្ចចរាចរណ៍ប្រចាំគោលដៅក្បែនោះឃាត់ខ្លួនបានភ្លាមៗផងដែរ ។
ក្រោយកើតហេតុបុរសអ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញដឹកតាមរថយន្តសារ៉ែនយកទៅធ្វើការសាកសួរនៅការិយាល័យចរាចរណ៍ក្រុង ដោយឡែករថយន្តទាំង២និងម៉ូតូសមត្ថកិច្ចវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕
មតិយោបល់