ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួច ក្រោយឆែករកឃើញលើខ្លួនពួកគេ មានឧបករណ៍ សម្រាប់កាច់សោកម៉ូតូ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីនៅវេលាម៉ោង ៣ និង៣០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៥ ផ្លូវ១០៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទី១.ឈ្មោះ ចាន់ ពិសិដ្ឋ ហៅសំណាង ភេទប្រុស ឆ្នាំកំណើត១៩៩៣ មានទីលំនៅភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ មុខរបរៈ មិនពិតប្រាកដ និងទី២ឈ្មោះ ឡៅ ឡៃង៉ា ហៅង៉ា ភេទប្រុស ឆ្នាំកំណើត១៩៩១ ស្នាក់នៅផ្ទះជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ មុខរបរ មិនពិតប្រាកដ។
តាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង៣ និង៣០នាទីយប់ឈានចូលថ្ងៃ ថ្ងៃអាទិត្រថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចបានកំពុងធ្វើការល្បាត នៅក្នុងភូមិសាស្រ្ត លុះមកដល់ចំណុចមុខស្នាក់ការលក់ផ្ទះល្វែងបុរីមង្គលភ្នំពេញ ក៏បានឃើញជនសង្ស័យ២នាក់ កំពុងដើរក៏មានការសង្ស័យ ទើបកម្លាំងសមត្ថលកិច្ច ក៏បានហៅសួរនាំ និងឆែកឆេរលើខ្លួនជនសង្ស័យទាំង២នាក់ បានប្រទះឃើញឧបករណ៍ សម្រាប់កាច់សោកម៉ូតូ ក៏ឃាត់ខ្លួនយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីសួរនាំ។
សម្ភារដកហូតបានរួមមាន៖ សោខ្សែទីបលេខ៨ ចំនួន២ដើម ដែកកែច្នៃ សម្រាប់កាច់កម៉ូតូចំនួន១ដើម អំពូលកែច្នៃសម្រាប់បំភ្លឺចំនួន១។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថា ពួកគេធ្លាប់ប្រើប្រាស់ថ្នាំញៀន។ ក្រោយឃាត់ខ្លួន និងសាកសួសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ បានបញ្ជូនបន្តទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់