ព្រះសីហនុៈ តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីអំពើចោរកម្មលួចកាច់សោរយកម៉ូតូមួយគ្រឿង ម៉ាក ស្កុបពីពណ៌ស ផលិត ឆ្នាំ២០១៧ គ្មានស្លាកលេខ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៨ ដែលម្ចាស់បានទុកនៅមុខផ្ទះ ក្រុម២៤ ភូមិទី២ សង្កាត់លេខ ៤ ក្រុង និងខេត្តព្រះសីហនុ ។
ប្រភពដដែលបានបន្ថែមថា ក្រោយពេលទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ គ្រប់ផ្នែកស្រុកក្រុងទាំងអស់ បានសហការគ្នា បើកការស៊ើបអង្កេត ដើម្បីរុករកមុខសញ្ញាជាបន្ទាន់។
ជាលទ្ធផលនៅវេលាម៉ោង១ និង១៥ នាទីរសៀលថ្ងៃដដែល គឺប្រមាណជា ៣ម៉ោង ក្រោយកើតហេតុប៉ុណ្ណោះ សមត្ថកិច្ចបានស្ទាក់ចាប់មុខសញ្ញាបាន នៅចំណុចស្ពានទឹកសាប ភូមិស្មាច់ដែង ឃុំរាម ដែលមុខសញ្ញា បានដឹកម៉ូតូតាមរថយន្តកាមរី ឆ្លាមពណ៌ប្រផេះ មួយគ្រឿង យកទៅភ្នំពេញ ។
ជនរងគ្រោះដែលជាម្ចាស់ម៉ូតូ ឈ្មោះ សុខ ស្រីស ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ស្នាក់នៅ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ។ រីឯជនសង្ស័យមានគ្នាបីនាក់៖ ទី១.ឈ្មោះ ជា លក្ខណៈបញ្ញា ហៅ ម៉ិញ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ អ្នកនាំភ្ញៀវ ស្នាក់នៅផ្ទះជួល ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (សហចារី) ទី២.ឈ្មោះ សុំ រ៉ាវី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ២ សង្កាត់២ក្រុងខេត្តព្រះសីហនុ (សហចារី) និងទី៣.ឈ្មោះ ពៅ ណាឃីម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (សហចារី)។
វត្ថុតាងដកហូតបាន រួមមាន៖ ម៉ូតូម៉ាកស្កុបពី ពណ៌សផលិត ឆ្នាំ២០១៧ មួយគ្រឿង គ្មានស្លាកលេខ និងរថយន្តកាមរីឆ្លាម មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2L-0120 ។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ និងវត្ថុតាង នគរបាលកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់