ភ្នំពេញៈ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ករណីឆក់កាបូបស្ពាយពីជនរងគ្រោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៨១ BE1 ផ្លូវលេខ១០៧ ក្រុមទី១ ភូមិ១ សង្កាត់អូស្សី៤ ខណ្ឌ៧មករា រាជធាភ្នំពេញ ។
ជនសង្ស័យទី១ឈ្មោះ ញាណ ចាន់មុន្នីរ័ត្ន ហៅ រ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យបាក់ទូក ថ្នាក់ទី១០H ស្នាក់នៅផ្ទះលេខ ៨១ BE1 ផ្លូវលេខ១០៧ ក្រុមទី១ ភូមិ១ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ទី២ឈ្មោះរ៉ន វៃហ្សីង ភេទប្រុស អាយុប្រហែល១៧ឆ្នាំ(កំពុងគេចខ្លួន )។
ចំណែកជនរងគ្រោះឈ្មោះ ជា វណ្ណា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១៨AE ផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សម្ភារៈដែលបាត់បង់មានកាបូបស្ពាយពណ៌សូកូឡាមួយក្នុងនោះមាន : ចិញ្ចៀនប្លាទីនមួយវង់,ទូរសព្ទដៃ ពណ៌ខៀវមួយគ្រឿងម៉ាក Nokia , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក , ប្រាក់រៀលជាង៤០០.០០០រៀល ប្រាក់ដុល្លារចំនួន៦០០ដុល្លារ និងឯកសារមួយចំនួនទៀត។
សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ម៉ោងប្រហែល១២និង៣០នាទីថ្ងៃត្រង់ ជនរងគ្រោះបានជិះម៉ូតូឌុបកូនទៅសាលារៀន រួចបានជិះម៉ូតូទៅទិញគោជល់ចំនួន៥កេសនៅផ្សារដេប៉ូ លុះពេលជិះម៉ូតូត្រឡប់មកផ្ទះវិញ ដល់មុខផ្ទះលេខ៥Eo ផ្លូវលេខ២២១ ក្រុមទី១៤ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោកស្រាប់តែមានជនសង្ស័យឈ្មោះ ញាណ ចាន់មុន្នីរ័ត្ន និងបក្សពួកឈ្មោះ រ៉ន វៃហ្សីង ហៅ ហ្សីងបានជិះម៉ូតូមួយគ្រឿងម៉ាក Honda Beat ពណ៌ផ្កាឈូក លាយខ្មៅ ស៊េរី២០១៨ ពាក់ស្លាក លេខ ភ្នំពេញ 1GL-6434 បានជិះម៉ូតូមកពីខាងក្រោយរួចបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះ ហើយជនសង្ស័យទាំង២នាក់ខាងលើបានជិះម៉ូតូយកកាបូបស្ពាយរបស់ជនរងគ្រោះគេចខ្លួនបាត់។
លុះមកដល់វេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចបានស្រាវជ្រាវ និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ និងចាប់យកវត្ថុតាងម៉ូតូរួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យរូបនេះសមត្ថកិច្ចបានយកទឹកនោមរបស់ជនសង្ស័យធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផលមានភាព វិជ្ជមាន ( មានសារធាតុញៀន ) ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់