ព័ត៌មានជាតិ

ព្រះរាជអាជ្ញារង ប្រចាំខណ្ឌដង្កោថា មកដល់ម៉ោងនេះ សមត្ថកិច្ចមិនទាន់រាយការណ៍រឿង ឧត្តមសេនីយ៍ ឧកញ៉ា ហូ ចំរើន បាញ់នៅឡើយទេ

ភ្នំពេញៈ យោងតាមការបញ្ជាក់តាមទូរស័ព្ទ របស់លោកស្រីព្រះរាជអាជ្ញារង កែវ សុគន្ធា ជាព្រះរាជអាជ្ញារងប្រចាំខណ្ឌដង្កោ នៅមុននេះបន្តិចថា មកដល់ម៉ោងនេះ គ្មានទាន់ឃើញសមត្ថកិច្ចខណ្ឌដង្កោ រាយការណ៍ ឬសុំគោលការណ៍ពីលោកស្រី ពាក់ព័ន្ធករណី ឧកញ៉ា ជាន់ថ្មី ល្បីពេញស្រុកខ្មែរ ឧត្តមសេនីយ៍ ហូ ចំរើន បាញ់គំរាម ម៉ែឪក្មេក និងប្រពន្ធផ្អើលខណ្ឌដង្កោនៅឡើយទេ។

ពាក់ព័ន្ធករណីនេះដែរ លោក ជឹម ស៊ីថា ជាអធិការនគរបាលខណ្ឌដង្កោ មិនអាចទាក់ទងតាមទូរស័ព្ទបានទេ ដោយសារទូរស័ព្ទ លោកអធិការ ពិសាប្រាក់ខែពីរាស្ត្ររូបនេះ មិនអាចទាក់ទងបាននោះទេនៅពេលនេះ។

មកទល់នឹងពេលនេះ ក៏មិនទាន់មានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់ថា មានការឃាត់ខ្លួន លោកឧត្តមសេនីយ៍ ឧកញ៉ា ហូ ចំរើន នោះដែរ ពោលគឺករណីបាញ់បោះសេរី ផ្អើលអ្នកស្រុកក្នុងក្រុងភ្នំពេញ មួយនេះហាក់កំពុងស្ងាត់ជ្រងំដូចចោរលួចសេះ។

គួរបញ្ជាក់ថា មានសេចក្តីរាយួការណ៍ថា លោកឧត្តមសេនីយ៍ ឧកញ៉ា ហូ ចំរើន កាលពីរសៀលថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ បានផ្ទុះអាវុធជាច្រើនគ្រាប់ជាប់ៗគ្នា នៅក្នុងមហាភូមិគ្រឹះរបស់ខ្លួន ស្ថិតនៅក្នុងភូមិរកា សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពីឮសំទ្បេង គ្រាប់កាំភ្លើង របស់ឧត្តមសេនីយ៍ ឧកញ៉ា ហូ ចំរើន ដែលបាញ់គំរាម ប្រពន្ធ ម៉ែក្មេក និងឪពុកក្មេកជាឧត្តមសេនីយ៍ នគរបាលដែរនោះ គេសង្កេតឃើញ មានកងកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីការពារពីខាងក្រៅនៃ មហាភូមិគ្រឹះរបស់លោកឧកញ៉ា រហូតដល់យប់ ដោយមិនហ៊ានចូលទៅរំខាន នៅក្នុងភូមិគ្រឹះលោកឧកញ៉ានោះទេ។

សេចក្តីរាយការណ៍បន្តថា ក្រោយពីមានហេតុការណ៍ខាងលើ បានកើតឡើងគេឃើញមាន សមត្ថកិច្ចមូលដ្ឋានទាំងពីរអង្គភាព មានទាំងកម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក អធិការនគរបាលខណ្ឌដង្កោ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុតែប៉ុណ្ណោះ។

គួររំឭកថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ឧត្តមសេនីយ៍ ហូ ចំរើន និងលោកស្រី គា សុខគាង ជាឧកញ៉ា៕

មតិយោបល់