ព័ត៌មានជាតិ

រថយន្តពាក់ស្លាកលេខ ភ្នំពេញ 2J-8573 មានស្លាកសញ្ញាក្រុមហ៊ុនអគ្គិសនី ប៊ីវីស៊ី ប៉ះគ្នាជាមួយម៉ូតូ ស្លាប់ម្នាក់ភ្លាមៗ

មណ្ឌលគិរី: នៅវេលាម៉ោង ៩ និង ១០ នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូប៉ះគ្នាជាមួយនិងរថយន្ត បណ្ដាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗ នៅនឹងកន្លែង។

ហេតុការណ៍នេះ បានកើតនៅត្រង់ចំណុចមុខស្ថានីយ៍ លក់ប្រេងឥន្ធន:តេលា ចន្លោះគីឡូម៉ែត្រលេខ ៦០ និងគីឡូម៉ែត្រលេខ ៦១ ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

តាមសមត្ថកិច្ច បានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ ចេង ប៊ុនលី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ស្ទៀង មុខរបរ គ្រូបង្រៀន បានធ្វើដំណើរពីកើតទៅលិច បត់ឆ្វេងក៏ប៉ះគ្នា ជាមួយរថយន្តគ្រឿង បណ្ដាលឲ្យបុកប៉ើងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ម៉ូតូ ម៉ាកវ៉េវឆ្លាម ពណ៌ក្រហម គ្មានស្លាកលេខ ទីលំនៅភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចំណែករថយន្ត ម៉ាកហ្វត័(Ford) ពាក់ស្លាកលេខ ភ្នំពេញ 2J 8573 ពណ៌ទឹកប្រាក់ ដែលមានសញ្ញាក្រុមហ៊ុនអគ្គិសនី ប៊ីវីស៊ី (BVC) ក្រោយកើតហេតុ តាកុងរថយន្តរត់គេចខ្លួនបាត់។

ករណីនេះ សមត្ថកិច្ចបានបញ្ជាក់ថា ដោយសាររថយន្តធ្វើដំណើរ ក្នុងល្បឿនលឿន។

បច្ចុប្បន្នវត្ថតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ រីឯសពបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់