ព័ត៌មានជាតិ

រថយន្តដឹកផ្លែឈើ បុកគូទតូយ៉ូតាព្រូស ជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឲ្យក្រឡាប់ របួសបាក់ជើងតៃកុង

ភ្នំពេញៈ រថយន្តដឹកផ្លែឈើមួយគ្រឿង បើកលឿន តាមបណ្តោយផ្លូវជាតិលេខ៥ ទៅបុករថយន្តតូយ៉ូតាព្រូសមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា ពីក្រោយពេញទំហឹង រងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបងមិនព្រមឈប់ដោះស្រាយ បែរជាបន្ថែមល្បឿនបើករត់គេចទៅបុកបង្គោលភ្លើង បណ្តាលអោយបាក់អស់មួយដើមខូចខាតទាំងស្រុង ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើងច្រង៉ាងទ្រមេឃ កៀបអ្នកបើកបររងរបួសបាក់ជើងឆ្វេង ។

ហេតុការណ៍នេះ ដែលបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ មុខខ្លោងទ្វារសាលាសង្កាត់ព្រែកព្នៅ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្ដបង្កម៉ាកhyundaimightyជាប្រភេទរថយន្ដដឹកទំនិញធន់ធំពណ៌សពាក់ស្លាកលេខភ្នំពេញកំពង់ឆ្នាំង3A-1225រងការខូចខាតមួយកំណាត់មុខទាំងស្រុង។

ប្រភពពីម្ចាស់រថយន្តរងគ្រោះ ម៉ាកតូយ៉ូតាព្រូស ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2AS-9229 បានបង្ហើបប្រាប់ឲ្យដឹងថា មុនកើតហេតុ គឺរូបគាត់និងក្រុមគ្រួសារគាត់ រួមមានប្រពន្ធ និងកូនបានជិះក្នុងរថយន្តនោះ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម មកដល់ចំណុចកើតហេតុ ក៏មានរថយន្តបង្កខាងលើធ្វើដំណើរស្របទិសគ្នា ពីក្រោយមកក្នុងល្បឿនលឿន មកបុកផ្ទប់គូទរថយន្តគាត់ពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តវិលក្បាលមួយត្រឡប់ក្រោយវិញ មួយជុំរងការខូចខាតខ្ទេចមួយកំណាត់ក្រោយ និងមុខចំហៀងខាងស្តាំតែមិនមានអ្នករងរបួសទេ ។ បន្ទាប់ពីបង្កហេតុរថយន្តបង្ក មិនព្រមឈប់ដោះស្រាយនោះទេ បែរជាបន្ថែមល្បឿនរថយន្តយ៉ាងលឿនព្យាយាមបើករត់គេចខ្លួន មិនព្រមទទួលខុសត្រូវ បើករត់បានចម្ងាយប្រហែលជា២០០ម៉ែត្រ រថយន្តបង្កក៏រ៉េចង្កូតឡើងខឿនសួនច្បារ ពុះចែកទ្រូងផ្លូវទៅបុកផ្ទប់បង្គោលភ្លើង បណ្តាលឲ្យបាក់ដួលរលំមួយដើមទាំងស្រុង ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើង ច្រង៉ាងមួយចំហៀងទ្រមេឃ កៀបអ្នកបើកបររបួសបាក់ជើងឆ្វេងដាច់សាច់ទាំងដុំៗ ចំណែកអ្នករួមដំណើរពីរនាក់ទៀត របួសស្រាលរត់គេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុភ្លាមៗ តៃកុងរថយន្ដបង្កត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋទាក់ទងហៅរថយន្ដសង្គ្រោះបន្ទាន់ មកដឹកទៅព្យាបាលរបួសភ្លាមៗ ផងដែរនៅសល់តែរថយន្តរងគ្រោះ និងរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញវាស់វែង យកទៅរក្សាទុក បណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយបន្តនៅពេលក្រោយ ព្រោះពាក់ព័ន្ធនិងការខូចខាតបង្គោលភ្លើង ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ៕

មតិយោបល់