ភ្នំពេញៈ រថយន្តដឹកស៊ីម៉ង់ត៏មួយគ្រឿង ខណៈឡើងស្ពានព្រែកព្នៅ បានរអិលថយក្រោយប៉ះរថយន្តដឹកស៊ីទែនយីហោ «ប្រាយវិកថឹរីមេគង្គភេត្រូលៀម» វេគូទទៅបុករឺម៉កកង់បី បណ្តាលឲ្យរងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោងជាង៦ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅគល់ស្ពានព្រែកព្នៅត្រើយខាងលិច ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តដឹកស៊ីម៉ង់ត៏ម៉ាកHYUDAI ពណ៌ស ពាក់ស្លាកលេខកំពត 3A 0209 ដឹកស៊ីម៉ង់ត៏ ម៉ាកKingdom Cement អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ចំណែករថយន្តដឹកស៊ីទែន ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ3A-9569 ដឹកស៊ីទែនយីហោ «ប្រាយវិកថឹរី មេគង្គភេត្រូលៀម» អ្នកបើកបរត្រូវបានស្គាល់ថា ឈ្មោះ សៀក សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិចេកសុទុន ឃុំព្រៃវិហារស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រីឯរឺម៉កកង់បី ពុំមានស្លាកលេខសណ្តោងនោះទេ ដោយម៉ូតូម៉ាកHonda Dream ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ1FI 0961បើកបរដោយឈ្មោះ ហ៊ីង នីល ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល។
ប្រភពពត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំងពីរគ្រឿងខាងលើ រួមទាំងរឺម៉កកង់បី បានបើកស្របទិសគ្នា តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ពីលិចទៅកើតដោយមានចន្លោះឆ្ងាយពីគ្នាគួសម ខណៈបើកឡើងស្ពានព្រែកព្នៅត្រើយខាងលិចបានបន្តិច ក៏ស្រាប់តែរថយន្តដឹកស៊ីម៉ង់ត៏ខាងលើ ដែលបើកមុខគេបានរអិលថយក្រោយ ឃើញដូច្នេះអ្នកបើករថយន្តដឹកស៊ីទែន ដែលនៅបន្ទាប់ក៏បញ្ឈប់រថយន្តខ្លួន តែរថយន្តដឹកស៊ីម៉ង់នៅតែបន្តរអិលថយក្រោយ បានបុកចំហៀងខាងឆ្វេងរថយន្តដឹកស៊ីទែន បណ្តាលឲ្យរេគូថរថយន្តទៅបុករឺម៉កកង់បី ដែលកំពុងឈប់ខាងក្រោយរថយន្តដឹកស៊ីទែន រងការខូចខាតទាំងសងខាង សំណាងល្អក្នុងករណីនេះ មិនមានអ្នកណាម្នាក់របួសធ្ងន់នោះទេ។
ករណីនេះសមត្ថកិច្ច បានដាក់ការសង្ស័យថា អាចមកពីហ្វ្រាងរថយន្តដឹកស៊ីម៉ង់ត៏មិនស៊ី។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌ បានមកដល់កន្លែង ដើម្បីធ្វើការវាស់វែង និងយករឺម៉កកង់បី និងរថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីដោះស្រាយនៅពេលក្រោយ៕
មតិយោបល់