ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស២នាក់ ដកហូតបានទាំង ប៊ិចច្នៃជាកាំភ្លើង មួយដើម និងឧបករណ៍កាច់ក ម៉ូតូមួយឈុតទៀត!

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួន ក្រោយពីឃើញជិះម៉ូតូឌុបគ្នា ដោយសង្ស័យក៏ឃាត់ត្រួតពិនិត្យឃើញមាន ប៊ិចច្នៃជាកាំភ្លើងមួយដើម គ្រាប់ចំនួនមួយគ្រាប់ និងដែកចុងស្រួចសម្រាប់កាច់កម៉ូតួមួយឈុត។

ករណីនេះធ្វើឡើងកាលពីម៉ោង១និង៣៥នាទីទៀបភ្លឺថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវ១៩៨៤
ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ សឿន សុធារិទ្ធ ហៅរិទ្ធ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមផ្លូវរថភ្លើង ក្រោយសាលាតិចណូ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ ជនសង្ស័យទី២ឈ្មោះ ឡាំ ធីសឿង អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់តាមផ្លូវរថភ្លើង ក្រោយសាលាតិចណូក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ (ទាំង២នាក់ក្នុង ទឹកនោមមានផ្ទុកសារធាតុញៀន)។

សមត្ថកិច្ចប្រាប់ថា មុននឹងឃាត់ខ្លួនជនសង្ស័យខាងលើ ខណ:កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងលុះមកដល់ចំណុចខាងលើ ក៏ឃើញជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ អត់មានពាក់ស្លាកលេខ ដោយសង្ស័យក៏ឃាត់ត្រួតពិនិត្យឃើញមាន ប៊ិចច្នៃជាកាំភ្លើងមួយដើម គ្រាប់ចំនួនមួយគ្រាប់ និងដែកចុងស្រួចសម្រាប់កាច់កម៉ូតួមួយឈុត នៅជាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅពេលក្រោយ៕

មតិយោបល់