ភ្នំពេញៈ ចាត់ទុកថាជាការចាប់អារម្មណ៍ដែលអ្នកនាងម៉េង កែវពេជ្ជតា បានលើកឡើងជាថ្មីពាក់ព័ន្ធនឹងអាស្រូវរបស់ស្វាមីឲ្យមានការវិភាគដឹងឮជាសាធារណៈ បន្ទាប់ពីរឿងរ៉ាវនោះត្រូវបានបញ្ចប់អស់ច្រើនឆ្នាំមកហើយស៊ឹងនឹងឲ្យមហាជនភ្លេចអស់។ អ្នកនាងបានថ្លែងបែបនេះក្នុងពិធីប្រគំតន្ត្រីជួយដល់ល្ខោនខោល ដែលបានធ្វើឡើងកាលពីថ្ងៃទី ១៩ មិថុនា កន្លងទៅ។
អ្នកនាង ម៉េង កែវពេជ្ជតា បានថ្លែងរំលឹកថា ជីវិតជានារីពិតជារងអយុត្តិធម៌ណាស់ ដោយសារសម្ពាធសង្គម និងការរើសអើង។ អ្នកនាងបន្តថាបុរសជាប្ដីមានស្រីហូរហែរ ដោយនាំស្រីមកដេកលើផ្ទះក៏មិនខុស ហើយយកប្រពន្ធថែម២-៣ក៏នៅតែត្រូវ។ ប៉ុន្តែសម្រាប់ជីវិតជានារីដូចអ្នកនាងវិញ គឺគ្រាន់តែធ្វើអ្វីឲ្យមានការយល់ច្រលំតែបន្តិចក៏ត្រូវស្វាមីចោទថាជាស្រីផិតក្បត់ និងជាស្រីមានសាហាយជាដើម។ អ្នកនាងបានលើកឡើងពីអតីតរបស់ខ្លួននៅចំពោះសិស្សនិស្សិតជាច្រើនក្នុងថ្ងៃប្រគំតន្ត្រីស្វែងរកមូលនិធិជួយល្ខោនខោលថា គឺជារឿងឈឺចាប់ណាស់ដែលនារីត្រូវបានបុរសរំលោភបំពាន ហើយត្រូវបានសង្គម និងប្រពៃណីគាំទ្រ ដែលមិនខុសពីជំរុញឲ្យបុរសបន្តភាពក្បត់ និងតម្រូវឲ្យនារីស្ថិតក្នុងសភាពត្រូវគេចោទដោយអយុត្តិធម៌មិនអស់មិនហើយដោយសូម្បីតែខ្លួនមិនបានប្រព្រឹត្តិនូវអ្វីដែលដូចគ្នានឹងការចោទប្រកាន់។
បើទោះអ្នកនាងមិនបញ្ចេញឈ្មោះលោកមួង ឃីម ជាអតីតស្វាមីដែលបានបែកបាក់ ប៉ុន្តែអ្នកនាងបានបញ្ជាក់ចំៗថានោះជារឿងជីវិតកាលពីអតីតរបស់ខ្លួន ដែលសឹងនឹងធ្វើឲ្យអ្នកនាងសម្រេចចិត្តគិតខ្លីនាអំឡុងពេលហ្នឹងនោះផង។ អ្នកនាងបានសំដៅទៅផ្ដល់បទពិសោធន៍ជីវិតដល់សិស្សនិស្សិតដែលបានចូលរួមថា «បងនិយាយរឿងបង កាលបងបែកបាក់ស្វាមី បើក្រៅពីបងគឺគេអត់រ់សទេ គេប្រហែលជាចងក ឬលេបថ្នាំសម្លាប់ខ្លួនអីបាត់ហើយ ដោយសារតែយើងអត់ធ្វើអីខុសសោះ តែត្រូវគេចោទជាមួយអ្នកនេះជាមួយអ្នកនោះ ដល់ពេលគេគេមានស្រី៤ដប់ គេនាំទាំងស្រីឡើងផ្ទះ ប៉ុន្តែគេអត់ខុសសោះ អញ្ចឹងបានហើយបងតាំងចិត្តថាអត់ស្លាប់ទេគឺទោះជាបាក់ទឹកចិត្តប៉ុណ្ណាក៏ដោយ ដាច់ខាតត្រូវតែរស់ដើម្បីបកស្រាយរឿងទាំងអស់ហ្នឹង ត្រូវរស់ដើម្បីប្រឈមរឿងទាំងអស់ហ្នឹង!»។
អ្នកនាងបញ្ជាក់ថា ប្រសិនបើអ្នកនាងគិតខ្លី ប្រហែលមនុស្សមួយផែនដីមិនបានដឹងឮពីការបកស្រាយរបស់ខ្លួននោះទេហើយមនុស្សទូទៅក៏ប្រហែលជាកាត់ស្មានថាអ្នកនាងពិតជាមានសហាយស្មន់មែន ដូចការចោទប្រកាន់របស់អតីតស្វាមីក្នុងពេលផ្ទុះជម្លោះផងដែរ។ អ្នកនាងទទូចកុំឲ្យនារីដែលមានរឿងបំបាក់ទឹកចិត្តទន់ជ្រាយ ដែលនេះក៏ជាសារជូនដល់កញ្ញាវ៉ាន់ នីឡា ដែលទើបត្រូវប្រឈមនឹងរឿងបែកធ្លាយរូបស្រាតនោះផងដែរ។
ការលើកឡើងរបស់អ្នកនាងគឺជាការទម្លាយនូវជីវិតអតីតកាលឡើងវិញ ហើយក៏ជាការបើកកកាយថាស្វាមីរបស់អ្នកនាងគឺបុរសខូចខិល និងពូកែចោទប្រកាន់អ្នកនាងធ្វើឲ្យអ្នកនាងមិនអាចតស៊ូទ្រាំក្នុងជីវិតជាប្ដីប្រពន្ធនោះផងដែរ ទើបបង្ខំឲ្យអ្នកនាងឈានដល់ប្រើសម្ដីធ្ងន់ៗ និងជម្រើសយកផ្លូវបែកបាក់ដើម្បីសេរីភាព។ អ្នកនាងធ្លាប់បានបញ្ជាក់ថា បើអ្នកនាងជាមនុស្សផិតក្បត់ស្វាមីដើម្បីលុយកាក់គឺមិនមែនអ្នកនាងសុខចិត្តបោះចោលទ្រព្យសម្បត្តិរួមទាំងអស់ ហើយសុំយកកូនមកគ្រប់គ្រងផ្ដាច់នោះឡើយ៕
មតិយោបល់