ព័ត៌មានជាតិ

ព្រះរាជអាជ្ញារង តុប ឈុនឡុង ដោះលែងជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីក្លែងឯកសារដីធ្លី ឆបោកលុយគេជិត ១លានដុល្លារ

ភ្នំពេញៈ ប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា លោកព្រះរាជអាជ្ញារង តុង ឈុងឡុង កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញ បានសម្រេចដោះលែង ជនសង្ស័យ ២នាក់ ក្នុងចំណោម ៤នាក់ដែលពាក់ព័ន្ធ ករណី ក្លែងបន្លំឯកសារប្លង់ដី អ្នកដទៃ យកទៅលក់បន្ត។

ប្រភពបញ្ជាក់ថា ជនសង្ស័យដែលត្រូវ លោក តុប ឈុនឡុង ដោះលែងនោះគឺជាប្តីប្រពន្ធនឹងគ្នា ទី១ឈ្មោះ ណម ង៉ែត ភេទស្រី អាយុ ៤៩ឆ្នាំ ជាប្រពន្ធ និងទី២ឈ្មោះ ព្រំ ខន ភេទប្រុស អាយុ ៦៨ឆ្នាំ ជាប្តី។

សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួន ក្រុមជនសង្ស័យ ជាប្តីប្រពន្ធ ចំនួន ០៤នាក់ រួមមាន៖ ទី១ឈ្មោះ ធូ សុភ័ក្រ ហៅ ឡាយ ថាវី ហៅ ស្រីនាង ភេទស្រី អាយុ ៣៤ឆ្នាំ ជាប្រពន្ធ និងទី២ឈ្មោះ រើន សារាន់នី ភេទប្រុស អាយុ ៣២ ឆ្នាំ ជាប្តី។

ទី៣ឈ្មោះ ណម ង៉ែត ភេទស្រី អាយុ ៤៩ឆ្នាំ ជាប្រពន្ធ និងទី៤ឈ្មោះ ព្រំ ខន ភេទប្រុស អាយុ ៦៨ឆ្នាំ ជាប្តី ដែលត្រូវបាន ព្រះរាជអាជ្ញាដោះលែងឲ្យមានសេរីភាពវិញ។

សមត្ថកិច្ចថា ការឃាត់ខ្លួនជនសង្ស័យទាំង ០៤នាក់ ខាងលើ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ ជនរងគ្រោះចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ដែលបានអះអាង ថា កាលពីអំឡុងឆ្នាំ២០១៧ និង២០១៨ ក្រុមជនសង្ស័យ និងបក្ខពួក ចំនួន ០៤នាក់ទៀតដែលកំពុងរត់គេចខ្លួន បានរួមគ្នា ក្លែងបន្លំឯកសារប្លង់ដីធ្លី របស់អ្នកដទៃ យកទៅលក់ឲ្យខ្លួន ចំនួន ០៣ទីតាំងក្នុងរាជធានីភ្នំពេញ បោកប្រាស់យកលុយអស់ ៨៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ពាក់ព័ន្ធ ករណីនេះ យើងមិនទាន់អាចសុំការបញ្ជាក់ ពីមូលហេតុដែលលោក តុប ឈុនឡុង សម្រេចដោះលែង ជនសង្ស័យ ២នាក់ ខាងលើពី លោក លី សុផាណា អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទេ ដោយសារលោកមិនបានឆ្លើយតបនឹងសំនួរដែលបានផ្ញើជូនតាមគ្រុប Telegram៕

មតិយោបល់