ភ្នំពេញៈ ស្ត្រីថៅថែហាងម៉ាស្សាម្នាក់បានជួបស្ត្រីម្នាក់ដោយចៃដន្យដោយឃើញអាណិតទើបហៅមកធ្វើការជាមួយឲ្យទាំងកន្លែងស្នាក់នៅបាយហូបចុកតែផ្ទុយទៅវិញ បែរជាមកលួចយកលុយនិងទូរស័ព្ទព្យាយាមរត់គេចខ្លួនតែម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាមួយកន្លែង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ស.ព.ខ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ខេត្តបន្ទាយមានជ័យ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ៣ថ្ងៃមុនជនរងគ្រោះបានធ្វើដំណើរឆ្លងកាត់វត្តភ្នំ ស្រាប់តែប្រទះឃើញជនសង្ស័យឈរតាមដងផ្លូវដោយឃើញអាណិតទើបហៅមកធ្វើការជាមួយ។
សាក្សីបន្តថា លុះមកដល់ថ្ងៃកើតហេតុ ខណៈដែលរូបគាត់ចេញក្រៅផ្ទះដោយទុកទូរស័ព្ទម៉ាកiPhone 8 និងម៉ាកសាំសុង រួមទាំងការបូបលុយនៅខាងក្នុងផ្ទះដោយជនសង្ស័យនៅម្នាក់ឯង ទើបឃើញឱកាសល្អលួចយកហើយព្យាយាមគេចខ្លួន ភ្លាមនោះរូបគាត់មកឃើញទាន់ក៏ដេញចាប់ហើយយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
នៅមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិថៅកែពិតប្រាកដមែន ដោយសារជីវភាពក្រីក្រគ្មានអ្នកចញ្ចឹមកូនតូចៗចំនួន២នាក់រួមទាំងមានផ្ទៃពោះ៣ខែទៀត។
ជនសង្ស័យបានបញ្ជាក់ថា រូបគាត់គ្មានប្តីនោះទេកូនទាំងនោះដោយសារតែចាញ់បោកប្រុសព្រានពេលមានកូនហើយក៏ទៅចោលបាត់។
បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលចោមចៅ៣ តែដោយសារការអាណិតជនសង្ស័យភាគីខាងជនរងគ្រោះមិនដាក់ពាក្យបណ្តឹងនោះទេហើយប្រគល់ឲ្យសមត្ថកិច្ចធ្វើការអប់រំលែងទៅវិញ៕
មតិយោបល់