ព័ត៌មានជាតិ

តុលាការកាត់ទោស ចៅប្រុស ដែលវាយសម្លាប់យាយបង្កើតនៅខណ្ឌទួលគោក!

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ លោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស ចៅប្រុសម្នាក់ ដែល បានវាយសម្លាប់យាយបង្កើត នៅខណ្ឌទួលគោក។

លោក ស្រី ម៉ាក់នី តំណាងអយ្យការសវនាការបាន ចោទប្រកាន់លើឈ្មោះ ឆាយ ស៊ីនហូ ភេទប្រុស អាយុ ២៣ឆ្នាំ ពីបទ ឃាតកម្មគិតទុកជាមុន លើយាយបង្កើតអាយុ ៨៧ឆ្នាំ ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៤ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ យោងតាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការ ជនជាប់ចោទបានសារភាពថា នៅយប់កើតហេតុ ខ្លួនបានបើកដំបូលផ្ទះ ឡើងទៅអង្គុយលេង ពេលនោះយាយ ឃើញ ក៏ហៅឲ្យចុះមកវិញ ទើបខ្លួនខឹង ក៏ចុះមកយកដំបងវាយ យាយចំនួន ៥ដំបង ស្លាប់តែម្តងទៅ។

ក្រោយពេលវាយយាយសម្លាប់រួច ក៏ត្រូវបងស្រី ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនភ្លាមៗតែម្តង។

លោក នាង ហៃ ជាមេធាវីការពារជនជាប់ចោទ បានសំណូមពរឲ្យតុលាការ កែប្រែបទ ចោទប្រកាន់លើកូនក្តីលោក ពីបទ ឃាតកម្មគិតទុកជាមុន ទៅជាបទ ឃាតកម្មធម្មតាវិញ ដោយសារអង្គហេតុនេះបង្ហាញថា កូនក្តីលោកមិនបាន គិតទុកជាមុនទេ ពោលគឺខឹងភ្លាម វាយសម្លាប់ជនរងគ្រោះភ្លាម និងដោយសាររូបគេមានជំងឺ សតិមិនសូវគ្រប់ផងដែរ។

សូមបញ្ជាក់សំណុំរឿងនេះ ត្រូវបានតុលាការលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ខាងមុខ៕

មតិយោបល់