ព័ត៌មានជាតិ

TACOMA ពន្លះគោ១ក្បាល ខ្ទាតជាង៥០ម៉ែត្រ ងាប់ភ្លាមៗមួយរំពេច

ភ្នំពេញ: សត្វគោញី១ក្បាល បានងាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណ:ដែលសត្វគោនោះ បានរត់ឆ្លងផ្លូវ ហើយក៏ត្រូវរថយន្តTACOMA មួយគ្រឿង បើកក្នុងល្បឿនលឿន ហើយចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹង។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែសំណាងល្អអ្នកបើកបរមិនរងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២និង៤០នាទីរសៀល តាមបណ្តោយផ្លូវ ភ្នំពេញហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្ត TACOMA មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AR-3020 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានសត្វគោញី១ ក្បាល បានរត់ចេញពីក្នុងភូមិពីលិចទៅកើត ឆ្លងផ្លូវធ្វើឲ្យអ្នកបើកបររថយន្តជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅនិងសត្វគោនោះខ្ទាតជាង៥០ម៉ែត្រ បណ្តាលឲ្យសត្វគោនោះងាប់ភ្លាមៗ។ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ និងផ្ទុះពោងចេញ ប៉ុន្តែសំណាងល្អអ្នកបើកបរមិនរងរបួស។

ក្រោយកើតហេតុនគរបាលមូលដ្ឋាន និងនគរបាលចរាចរណ៍ខណ្ឌសែនសុខ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីរកម្ចាស់គោមកដោះស្រាយគ្នាជាមួយនឹងម្ចាស់រថយន្ត ប៉ុន្តែដោយសារតែរកម្ចាស់គោមិនឃើញ សមត្ថកិច្ចបានបង្កើតគណ:កម្មការចម្រុះ ហៅអ្នកកុងសុីកាប់គោមកទិញសត្វគោនោះ ដើម្បីយកប្រាក់ឲ្យទៅម្ចាស់រថយន្តយកទៅជុសជុលដោយខ្លួនឯង។

ក្នុងនោះដែរសមត្ថកិច្ចសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានចិញ្ចឹមសត្វគ្រាប់ប្រភេទ ត្រូវមើលចងខ្សែវាឲ្យបានត្រឹមត្រូវផងចៀសវាងកុំឲ្យមានហេតុដូចជាករណីខាងលើនេះទៀត៕

មតិយោបល់