ព្រៃវែងៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់(ប្លន់) កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចវាលស្រែ ភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ ស៊ីម វិសាល ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិតាប្រុយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក និងទី២ឈ្មោះ ប៉ុល បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្រពាំងក្រសាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ក្លែងជាលោកសង្ឃ បានឲ្យឈ្មោះ ឈឹម ខឿន ភេទប្រុសអាយុ៦៨ឆ្នាំ នៅភូមិស្នួល ឃុំធាយ ស្រុកបាភ្នំ ឌុបពីវត្តព្រះស្រីសិរីសារពេជ្ជ ហៅវត្តសាទិច ភូមិពោធិភ្លុក ឃុំធាយ ស្រុកបាភ្នំ ទៅវត្តបឹងក្រទឹប មកដល់ចំណុចខាងលើ បានទាញជនរងគ្រោះផ្តួល យកស្បង់ចីវរ ក្របមុខឲ្យដេកផ្ងារនិងវាយចំនួន២ដៃ ឈូសចំនួន៥ជើង យកម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1G.1393។
ពេលធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានបើកម៉ូតូគេចខ្លួនទៅទិសខាងជើង លោកអធិការស្រុកកំពង់ត្របែក បានបញ្ជាដាក់កម្លាំងស្ទាក់ កម្លាំងខ្លះដេញតាម ទៅដល់ចំណុចភូមិសុណនចៃ ឃុំក្រាំងស្វាយស្រុកព្រះស្តេច ទើបកម្លាំងនគរបាលស្រុកកំពង់ត្របែក ដេញទាន់ឃាត់ខ្លួនជនស្ស័យបានទាំង២នាក់រួមនិងម៉ូតូវត្ថុតាង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ហើយនៅព្រឹកនេះ សមត្ថកិច្ចបានបញ្ចប់ការសាកសួរ និងបានបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៕
មតិយោបល់