ព័ត៌មានជាតិ

អត់ដឹងរឿងអីសោះ សំពងមួយដំបងឬស្សី បែកក្បាល!

កណ្តាលៈ មានករណីហិង្សារមួយបានកើតឡើង ដោយបុរសម្នាក់ បានយកដំបងឬស្សីវាយទៅលើក្បាលបុរសម្នាក់ទៀតបណ្តាលឲ្យបែក កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ នុំ ផាន ភេទប្រុស អាយុ៣៩ឆ្នាំស្នាក់នៅភូមិខាងលើ (មានស្នាមមុតក្បាលខាងឆ្វេងចំនួន១កន្លែង) កំពុងព្យាបាលនៅពេទ្យឃុំតាលន់ ។ ចំណែកជនសង្ស័យឈ្មោះ ស៊ឹម ចន្ថា ភេទប្រុស អាយុ៤៦ឆ្នាំ (ជាជនមានសតិមិនប្រក្រតី ដោយមិនអាចយកចម្លើយបាន) ដកហូតបានដំបងឫស្សីចំនួន១ ។

មុនពេលកើតហេតុ ឈ្មោះនុំ ផាន មានសភាពស្រវឹងស្រាកំពុងដើរត្រឡប់ទៅផ្ទះរបស់ខ្លួន លុះដើរដល់ទន្ទឹមផ្ទះឈ្មោះស៊ឹម ចន្ថា ពេលនោះឈ្មោះស៊ឹម ចន្ថាមានសភាពស្រវឹងស្រាដែរ បានឃើញឈ្មោះនុំ ផាន ក៏យកដំបងឫស្សីវាយក្បាលឈ្មោះនុំ ផាន បណ្ដាលឲ្យមុតហូរឈាម រួចឈ្មោះនុំ ផាន បានដើរទៅដេកលើអង្រឹងក្រោមផ្ទះរបស់ខ្លួនដោយមិនបានមកមន្ទីរពេទ្យព្យាបាលឡើយ ។ លុះដល់ម៉ោង២រសៀលថ្ងៃដដែល ទើបសមត្ថកិច្ចនគរបាលប៉ុស្ដិ៍តាលន់ ទទួលបានព័ត៌មានខាងលើ ក៏ចុះអន្ដរាគមន៍ដល់កន្លែងកើតហេតុ រួចបញ្ជូនជនរងគ្រោះមកពេទ្យឃុំតាលន់ ដើម្បីព្យាបាលរបួសស្នាម។ ចំណែកជនសង្ស័យបានឃាត់ខ្លួនមកដល់ប៉ុស្ដិ៍តាលន់ដើម្បីបន្ដអនុវត្តតាមនីតិវីធីច្បាប់៕

មតិយោបល់