កណ្ដាលៈ ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកោះធំឃាត់ខ្លួន ដកហូតថ្នាំញៀនចំនួន៦កញ្ចប់ កាលពីវេលាម៉ោង១០និង១០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ចំណុចបន្ទប់ជួល ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
លោកអធិការស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ង្វៀង យ៉ាំងម៉ឺន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមិភូថាន់ ឃុំភូហ៊ូ ស្រុកអាងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម មុខរបរ កម្មករ ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖ -ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក Ice)ចំនួន ០៦កញ្ចប់តូច -ថ្នាំញៀនគ្រាប់អ៊ីស្តាស៊ី MDMA (ប្រភេទថ្នាំគ្រវី) ចំនួន ០៩គ្រាប់ -ទូរសព្ទដៃចំនួន៣គ្រឿង -ឧបករណ៍កែច្នៃ សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន -អាវុធមុខស្រួច(ដាវ)១ដើម។
លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ កម្លាំងជំនាញនគរបាលស្រុកកោះធំ បានចុះបង្ក្រាបមុខសញ្ញាលក់ និងចែកចាយគ្រឿងយ៉ាងសកម្មនៅចំណុចបន្ទប់ជួល ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ពេលចុះទៅដល់បន្ទប់ជួលខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងខាលើតែម្ដង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕



មតិយោបល់