ព័ត៌មានជាតិ

រោងជ័យ ក្លាយជារោងទុក្ខ!.. រថយន្ត២គ្រឿងបុកគ្នា រះមកបុកម្ចាស់ដើមការកំពុងឈរទទួលភ្ញៀវ

កណ្តាលៈ ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន រថយន្តធំ និងតូច ២គ្រឿង បានពន្លះគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់អ្នកបើករថយន្តតូចម្នាក់ និងជ្រុលទៅបុកម្ចាស់ដើមការ ដែលកំពុងឈរទទួលភ្ញៀវ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ទៀត។

ហេតុការណ៍នេះកើតឡើងនៅនៅម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុច ផ្លូវលេខ២១ ស្ថិតក្នុងភូមិឬស្សីដាច់ ឃំុព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តម៉ាកវីស្តូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-8952 បើកបរដោយឈ្មោះ លឿង ថៃឡឺយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅឃុំខាន់អាង ស្រុកអាន់ភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម បានធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតចូលទៅបុករថយន្តធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5568 បើកបរដោយឈ្មោះ ណុល ម៉េងហុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើកបររថយន្ត រួមដំណើរជាមួយឈ្មោះគា ឆាង ភេទប្រុស អាយុ១៩ឆ្នាំ ព្រូរថយន្ត ស្នាក់នៅភូមិព្រែកសុឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ជាមួយគ្នា ដែលកំពុងបើកបញ្ច្រាស់ទិសគ្នា ពីជើងមកត្បូង បណ្ដាលឲ្យ អ្នកបើកបររថយន្តតូចគាបស្លាប់ភ្លាមៗនៅក្នុងរថយន្ត និងធ្វើឲ្យរថយន្តធំជ្រុលទៅប៉ះឈ្មោះ ម៉ាន់ ម៉ុន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកសិករ (ជាឪពុកកូនក្រមុំ) មានទីលំនៅភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងឈរទទួលភ្ញៀវនៅចិញ្ចើមផ្លូវខាងកើត រងរបួសធ្ងន់ និងខូចខាតម៉ាសីុនថតវីតដេអូ, ភ្លើងLED ,កៅអីកាត់សក់ និងជើងថតវីតដេអូ មួយចំនួនទៀត ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចចរាចរណ៍ស្រុក បានចុះពិនិត្យទីកន្លែងកើតហេតុ និងវាស់វែងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគនរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសាដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ រីឯសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែក អ្នកបើករថយន្តធំបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្អាង ។

ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តតូចបើកចូលស្ដាំរបស់រថយន្តធំ ដោយធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបររថយន្តធំ បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើង៕

មតិយោបល់