ព័ត៌មានជាតិ

បែកធ្លាយថៅកែខុនដូដកកាំភ្លើងវាយក្បាលអ្នករើសអេតចាយ​ជា មន្ត្រីយោធា ថ្នាក់​ឧត្ដមសេនីយ៍​

ភ្នំពេញៈ សេចក្តីរាយការណ៍ជាបឋមឲ្យដឹងថា ករណីថៅកែ​ ខុនដូ​ លោកឧត្តមសេនីយ៍ត្រី ប៉ិច​ តុងហេង​ វាយ កម្មកររើសអេតចាយ​ កាលពីវេលា​ម៉ោង១០ព្រឹក ថ្ងៃទី២៧ មេសា ២០១៨ បានចូលសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ក្រោយពីចូលសារភាព នៅវេលា​ម៉ោង៥ជាងល្ងាចថ្ងៃដដែល កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាន​បញ្ជូនខ្លួនលោក ប៉ិច​ តុងហេង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។

នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេដឹងថា លោក បុិច តុងហេង គ្រាន់តែត្រូវបានមន្ត្រីរដ្ឋបាលសាលាដំបូងថតរូប ទុក​ជាឯកសារតែប៉ុណ្ណោះទេ សំណុំរឿង​នេះមិនទាន់បានចាត់ទៅព្រះរាជអាជ្ញារងណាម្នាក់ណាឡើយ ដោយសារ​ពេលវេលាផុតម៉ោងធ្វើការ ។

នគរបាលព្រហ្មទណ្ឌក៏បាននាំខ្លួនលោក បុិច តុងហេង ទៅវិញ និងតម្រូវឲ្យព្រឹកថ្ងៃទី២៨ មេសា មកម្តងទៀតដើម្បីសាកសួរជាផ្លូវការ ។

ទោះជាយ៉ាងណាក្តីនៅដំណាក់កាលនគរបាលព្រហ្មទណ្ឌលោក បុិច តុងហេង បានសងជំងឺចិត្តទៅជនរងគ្រោះ ជាអ្នករើសអេតចាយចំនួន​ ៤០០០​ ដុល្លារ​អាមេរិករួចទៅហើយ​ នេះគ្រាន់តែជាសំណងរដ្ឋប្បវេណីទេ លោក បុិច តុងហេង នៅជាប់បណ្តឹងអាជ្ញា​មួយទៀត ដូច្នោះហើយបានជានគរបាល​នាំខ្លួនលោក ប៉ិច​ តុងហេងទៅតុលាការ ដើម្បីបំពេញតាមនីតិវិធី ។

លោក​ ប៉ិច​ តុងហេង​ ត្រូវបានតម្លើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍​ ព្រោះលោក​មានស្នាដៃកសាងខុនដូជួលបានលុយច្រើន​ និង​ ចេះប្រើកាំភ្លើងវាយក្បាលអ្នកក្រ​បែកក្បាលបានល្អ​ ។​ មានអ្នកខ្លះនិយាយថា​ ទាហាន​តាំងពីឆ្នាំ​ ១៩៧៩​ រកស័ក្តិពាក់មិនបាន​ រកតួនាទីគ្មានផង​ តែថៅកែខុនដូ​ ប៉ិច​ តុងហេង​ មិនដឹងជាធ្លាប់ឡើងប្រយុទ្ធនៅសមរភូមិណាខ្លះទេ​ បានមានស័ក្តិធំយ៉ាងនេះ​៕

មតិយោបល់