បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្ស០២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅវេលាម៉ោង៣និង៣៥នាទីទាបភ្លឺ ថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០៤០៧ និង០៤០៨ ក្រៅទីប្រជុំជនខាងកើតភូមិរហាលប្រហែលជា២,៥០០ម៉ែត្រ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ មាន០១/-ឈ្មោះ យ៉ត សុកាន់យ៉ា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ,០២/-ឈ្មោះ អួង វិសាល ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ,០៣/-ឈ្មោះ សឿត ជីវិត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាក MSX ពណ៌ស ពាក់ផ្លាកលេខ ប.មានជ័យ. 1Q-2690 បើកបរដោយឈ្មោះ យ៉ត សុកាន់យ៉ា ក្នុងទិសដៅពីទិសខាងលិចទិសខាងកើតពេលមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-2367 ដឹកអេតចាយ អ្នកបើកបររថយន្តក្ដាប់អត្តញ្ញាណមិនបាន បានបើកបរមកពីទិសខាងកើតទៅទិសខាងលិច ក្នុងទិសដៅ(ផ្ទុយគ្នា)បណ្ដាលឱ្យរថយន្តបុកម៉ូតូ ពេញមួយទំហឹង ស្លាប់អ្នកបើកបរម៉ូតូនិងអ្នករួមដំណើរម្នាក់នៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ក្រោយមកបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ រថយន្តបានក្រឡាប់ ។
សពជនរងគ្រោះទាំង០៣នាក់ បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងនគរបាលចរាចរណ៍ស្រុកព្រះនេត្រព្រះ បានយកមករក្សាទុកនៅអធិការដ្ឋាន រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់