ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធរឿង ប៉ុនប៉ងរំលោភ!

ភ្នំពេញៈ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន បុរសជនសង្ស័យ ជាកម្មកររោងចក្រ ម្នាក់ ទៅតុលាការក្រុងភ្នំពេញ ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ កម្មការិនីរោងចក្រ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យមានឈ្មោះ ម៉ម កល្យាណ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៥៩ ជាន់ទី១ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ ល.ស.ម ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ។

គួររំលឹកថា សមត្ថកិច្ចជំនាញព្រហ្មទណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨
បន្ទាប់ពីទទួលបានពាក្យបណ្តឹងស្ត្រីរងគ្រោះ។

យោងតាមពាក្យបណ្ដឹង នៅយប់ថ្ងៃកើតហេតុទី២២ ខែមេសា ឆ្នាំ២០១៨ នាង បានទៅផឹកស៊ីនៅបន្ទប់ជួលរបស់ជនសង្ស័យ បន្ទប់ជួលលេខ៥៩ ជាន់ទី១ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានគ្នា ៤នាក់ (ស្រី២នាក់ និងប្រុស២)។ នៅពេលផឹកស្រាបៀរចប់ មិត្ត ២នាក់ ដែលជាសង្សារនឹងគ្នាគេ បាននាំគ្នាទៅដេកជាមួយគ្នាបន្ទប់ជួលគេផ្សេង ចំណែករូបនាង ត្រូវបាន ជនសង្ស័យ ដែលធ្លាប់ស្គាល់គ្នា ផឹកស៊ី ជាមួយគ្នាផងនោះ រុញចូលក្នុងបន្ទប់ អោបថើប និងស្ទាបអង្អែលមួយយប់ទល់ភ្លឺ គ្មានបាន ធ្វើអ្វីស៊ីជម្រៅទេ។

លុះព្រឹកឡើងនាងក៏ ទៅបន្ទប់ជួលនាងវិញ ហើយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នាងក៏ដាក់ពាក្យប្តឹង ជនសង្ស័យ ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង៕

មតិយោបល់