ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូន ឧត្តមសេនីយ៍យោធា ថៅកែខុនដូ ដែលដកកាំភ្លើងវាយក្បាលអ្នករើសអេដចាយ​ ទៅតុលាការបន្តនីតិវិធីនាព្រឹកនេះទៀត

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បានបន្ដនាំខ្លួន លោកឧត្តមសេនីយ៍ត្រី ប៉ិច​ តុងហេង​ ជាថៅកែខុនដូ ភី ធី អេស រ៉េស៊ីដេន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធ សំណុំរឿង ដកអាវុធខ្លី វាយក្បាល អ្នករើសអេតចាយ។

សមត្ថកិច្ចបានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ប៉ិច​ តុងហេង​ ជាថៅកែខុនដូ ដែលវាយកម្មកររើសអេដចាយ​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លន កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅគ្រាដែលលោកឧត្តមសេនីយ៍ ចូលខ្លួនទៅសារភាព នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា សំណុំរឿងរបស់លោកឧត្តមសេនីយ៍ត្រី ប៉ិច​ តុងហេង ស្ថិតក្រោមចំណាត់ការរបស់លោក ព្រះរាជអាជ្ញារង សៀង សុខ ដែលជាតំណាងអយ្យការប្រចាំការ នៃសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃម្សិលមិញ សមត្ថកិច្ច បាននាំខ្លួនលោកឧត្តមសេនីយ៍ត្រីបុិច តុងហេង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ម្តងរួចហើយ ប៉ុន្តែតុលាការមិនទាន់បានចាត់ការ ទើបត្រូវបន្តនាព្រឹកនេះទៀត។

គួររំលឹកថា ជនសង្ស័យ ឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង បាន ប្រើអំពើហិង្សា ដោយយកកាំភ្លើងវាយ ក្បាលជនរងគ្រោះឈ្មោះ សាំង តុលា អាយុ ២១ ឆ្នាំ កម្មកររើសអេតចាយ ដោយគ្រាន់ ព្រោះខឹងជនរងគ្រោះ មើលមុខរបស់ខ្លួន។

ករណីហិង្សានោះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅក្បែរអាគារ ខុនដូ របស់ជនបង្ក មានទីតាំងស្ថិតនៅផ្លូវលេខ៣៦៨ សង្កាត់ បឹងកេងកង ៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ ជនសង្ស័យ បានជិះរថយន្តស្ព័រ Chevrolet Camaro ពាក់ស្លាកលេខ ភ្នំពេញ 2AP-8989 ដោយរោទ៍សម្លេងខ្លាំងៗ ទើបជនរងគ្រោះមើលមុខជនសង្ស័យដែលនៅក្នុងរថយន្ត។

ពេលឃើញកម្មករ មើលមុខ បែបនោះ ជនសងស្ស័យ បានបើករថយន្ត ត្រឡប់មកវិញហើយ ក៏ចុះពីលើរថយន្តដោយមានកាន់កាំភ្លើងខ្លី ទំនើបមួយដើម ទៅវាយកម្មករនោះបែកក្បាលជាច្រើនថ្នេរតែម្តង។

យោងតាមសមត្ថកិច្ច បានឲ្យដឹងទៀតថា សំណុំរឿងនេះ ជនសង្ស័យលោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង បានសងសំណងទៅជនរងគ្រោះចំនួន ៤០០០ដុល្លារ ដើម្បីឲ្យជនរងគ្រោះព្រមដកពាក្យបណ្តឹង ដើម្បីបើកផ្លូវឲ្យតុលាការមានហេតុផលសមរម្យមួយក្នុងការដោះលែង ជនសង្ស័យ មានងារជាឧត្តមសេនីយ៍ម្នាក់នេះឲ្យនៅក្រៅគុក៕

មតិយោបល់